(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានជំរុញដល់នាយទាហានទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការថែរក្សាសន្តិភាព ឲ្យបានស្ថិតស្ថេរ សម្រាប់បន្តការកសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើននិងរឹងមាំស្ថិតស្ថិរ។

ការជំរុញរបស់ឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៨ បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងភារវកម្មជំនាន់ទី៤ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញឆ្លាមសមុទ្រជំនាន់ទី៤ របស់កងពលតូចទ័ពពិសេសឆាតយោងលេខ៩១១ នៅទីលានហ្វឹកហាត់ លោតឆ័ត្រយោង នៅតំបន់ក្តាន់រយ ក្នុងភូមិថ្មគោល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងអំណរគុណចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង យោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានពុះពាររាល់ការលំបាក ជំរុញដំណើរការហ្វឹកហ្វឺន ចាប់ពីផ្តើមរហូតដល់ពេលបញ្ចប់វគ្គសម្រេចបានលទ្ធផល ប្រកបដោយជោគជ័យ។ នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់ប្អូនៗ ដែលទើបបញ្ចប់ការហ្វឹកហ្វឺន និងប្អូនៗ ដែលត្រូវហ្វឹកហ្វឺនបន្ត ត្រូវយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តន៍ឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហាត់ពត់លុតដំខ្លួន តស៊ូព្យាយាមបំពេញការងារឲ្យកាន់តែល្អថែមទៀត។

នាយឧត្តមសេនីយ៍ បានជំរុញយ៉ាងដូច្នេះថា៖ «ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺន ជំនាញឆត្រយោងជំនាន់ ទី២៨ និងវគ្គហ្វឹកហ្វឺនប្រឆាំងភារវកម្មជំនាន់ទី ៤ វិលទៅបំពេញការងារតាមអង្គភាពខ្លួនវិញ ត្រូវខិតខំបំពេញការងារឲ្យកាន់តែល្អថែមទៀត ពិសេសត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែមលើគ្រប់ជំនាញ ដើម្បីបន្តជួយបង្ហាត់បង្រៀនដល់នាយទាហាន នៅក្នុងអង្គភាពរបស់ខ្លួន ឲ្យមានសមត្ថភាពគុណភាពដែលអាចចូលរួមក្នុងការបំពេញភារកិច្ចបម្រើជាតិការពារជាតិមាតុភូមិរបស់យើង។ ត្រូវចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការថែរក្សាសុខ សន្តិភាព ដែលយើងមានឲ្យបានស្ថិតស្ថេរ សម្រាប់បន្តការកសាង និងអភិវឌ្ឍប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើននិងរឹងមាំស្ថិតស្ថិរ»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ក្រុមគ្រូយោធាចារ្យ សិក្ខាកាមទាំងអស់ និងផ្ញើការនឹករលឹកផងដែរ ចំពោះក្រុមគ្រួសារ យោធិនទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដណ្តើមស្នាដៃ លើកិច្ចការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរបស់លោកមេបញ្ជាការ មេបញ្ជាការរង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅក្នុងកងពល៩១១ទាំងអស់ ដែលបានសហការសាមគ្គី ឯកភាព ធ្វើឲ្យសម្រេចនូវផែនការហ្វឹកហ្វឺន ប្រចាំឆ្នាំរបស់កងពលនាពេលនេះ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ថែមទាំងបានផ្តល់អនុសាសន៍ និងជំរុញដល់កងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវបន្តជំរុញការយកចិត្តទុកដាក់ បង្កើនសមត្ថភាព ធនធានមនុស្ស ដើម្បីដើរតាមការវិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យក្នុងតំបន់ ពិសេសក្នុងវិស័យការពារជាតិ។

នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ទៀតថា ការហ្វឹកហ្វឺនថ្ងៃនេះ គឺជាការឆ្លើយតបដ៏សមស្របទាន់ពេលវេលាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព គុណភាពខ្ពស់ ដើម្បីបម្រើឲ្យការបំពេញភារកិច្ច បម្រើជាតិ មាតុភូមិរបស់យើង ចំពោះមុខ និងទៅថ្ងៃអនាគត៕