(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងរៀបចំឲ្យមានការប្រគុំតន្រ្តីដ៏ធំមួយ នៅសួនច្បារវត្តបុទុមវត្តី ដើម្បីផ្សព្វផ្សាយពីកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប (ASEM) លើកទី១៣ ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ 

សូមសារធារណៈជន និងសិស្ស និស្សិត ចូលរួមស្វែងយល់បន្ថែម ពីវេទិកា ASEM Day 2020 and Concert ចាប់ពីម៉ោង ៥៖០០នាទីល្ងាចតទៅ ដើម្បីចូលរួមមើលការសម្តែងការប្រគុំតន្រី្តពីតារាល្បីៗរបស់កម្ពុជា។ នេះបើយោងតាមការផ្សព្វផ្សាយលើ Page ឈ្មោះថា ASEM Day 2020 Cambodia ។

បើតាម Page ឈ្មោះថា ASEM Day 2020 Cambodia បានឲ្យដឹងថា ការចូលរួមជាដៃគូក្នុងកិច្ចប្រជុំ ASEM ពិតជាមានសារៈសំខាន់ណាស់សម្រាប់ ប្រទេសកម្ពុជា មិនថាផ្នែកនយោបាយ សេដ្ឋកិច្ច ឬវប្បធម៌ឡើយ។ បច្ចុប្បន្ននេះ ASEM មានដៃគូចំនួន៥៣ ក្នុងនោះមាន២១ប្រទេសមកពីអាស៉ី និង៣០ប្រទេសមកពីអឺរ៉ុបព្រមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន និងគណ:កម្មការអឺរ៉ុប ជារួម ប្រទេសដៃគូ ASEM តំណាងឱ្យ ៦៥% នៃសេដ្ឋកិច្ចពិភពលោកនិង ៦០% នៃប្រជាជនពិភពលោក ៥៥% នៃពាណិជ្ជកម្មពិភពលោក និង ៧៥% នៃទេសចរណ៍ពិភពលោក។ ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិក ASEM នៅឆ្នាំ២០០៤ មកយើងតែងផ្ដល់ដល់វេទិកា នេះជាវេទិកាដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៉ី-អឺរ៉ុប ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជាច្រើន។

ថ្លែងក្នុងពិធីបើក ASEM Day ព្រឹកមិញនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញដល់យុវជន ត្រូវចេះចាប់យកឱកាស ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប (ASEM) លើកទី១៣នេះ។ លោកថ្លែងថា ការប្រារព្ធពិធីអបអរសាទរទិវា ASEM Day នៅឆ្នាំនេះ ពិតជាពិសេស និងវិសេសវិសាលបំផុតសម្រាប់កម្ពុជា ពីព្រោះព្រះរាជាណាចក្រកម្ពុជាយើង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ (ASEM13) នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកក៏បានស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល អាស៉ី-អឺរ៉ុបលើកទី១៣ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ថា «កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ នឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រការទូតរបស់ប្រទេសកម្ពុជា ហើយការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ គឺជាកាលានុវត្តភាពដ៏ល្អបំផុតសម្រាប់កម្ពុជា ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តកម្រិតខ្ពស់បំផុតរបស់យើងក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយម ក៏ដូចជាការចូលរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងរួមដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងស្វែងរក កាលានុវត្តភាពនានា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានភាពរស់រវើកឡើងវិញ»

សូមបញ្ជាក់ថា ASEM ត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលពីប្រទេសចំនួន ១៥នៃសហភាពអឺរ៉ុបនិង ប្រទេសចំនួន៧ នៃសមាជិកអាស៊ាន បូកថែមប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងស្នងការអឺរ៉ុបប៉ុណ្ណោះ។ នៅពេលនោះអឺរ៉ុប បានទទួលស្គាល់ពីការ អភិវឌ្ឍការលូតយ៉ាងរហ័ស និងសក្តានុពលនៅក្នុងតំបន់អាស៉ី ហើយគេចង់ពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ តាមរយៈការពង្រឹង និងការធ្វើទំនើបកម្មទំនាក់ទំនងលើវិស័យ ឬសរសរស្តម្ភបីគឺ៖ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

កិច្ចប្រជុំកំពូល ASEM គឺជាការជួបគ្នារវាងពីរឆ្នាំម្តង របស់ប្រមុខដឹកនាំរដ្ឋ និង រដ្ឋាភិបាល, ប្រធាន នៃក្រុមប្រឹក្សាអឺរ៉ុប, ប្រធាន នៃស្នងការអឺរ៉ុប និង អគ្គលេខាធិការ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន។ ASEM ដែលធ្វើឡើងជាទៀងទាត់រៀងរាល់ ២ឆ្នាំម្តង បានក្លាយជាវេទិកាមួយយ៉ាងសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព៕