(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមក្នុងវេចខ្ចប់ និងទុកដាក់កាកសំណល់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងបោះចោលផ្តេសផ្តាស ជាហេតុនាំឲ្យហូរចូល ប្រឡាយ លូ បង្កការកកស្ទះសំរាមមិនអាចហូរបាន ជាពិសេសរដូវវស្សាកំពុងតែឈានចូលមកដល់។

ការអំពាវនាវនេះធ្វើឡើងខណៈលោក ថេង សុថុល អភិបាលខណ្ឌចំកាមន សហការជាមួយមន្ទីរសាធារណាកររាជធានីចុះពិនិត្យ និងដឹកនាំកម្លាំង ដើម្បីធ្វើការស្តារប្រឡាយលូបឹងត្របែក ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។

លោក ថេង សុថុល ក្នុងដំណើរចុះពិនិត្យនិងកាយសំរាមចេញពីប្រឡាយលូនេះ បានបន្ថែមឲ្យដឹងថា កន្លងមកក្នុងនាមជាអាជ្ញាធខណ្ឌតែងតែបានអប់រំ និងណែនាំអោយប្រជាពលរដ្ឋ យកចិត្តទុកដាក់ក្នុងការទុកដាក់ និងវេចខ្ចប់សំរាមអោយបានត្រឹមត្រូវ ដោយត្រូវគិតគូពីបញ្ហាបរិស្ថាន និងអនាម័យក្នុងការរស់នៅ។

ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនតូច ដែលតែងតែចោលសំរាមផ្តេសផ្តាស់ នៅតាមប្រឡាយលូបឹងត្របែកនេះ ដែលជាហេតុមិនអាចអោយទឹកលូរទៅកាន់ស្ថានីយ៍បូមទឹកបាន។ លោកបន្ថែមថា ការងារនេះ ទាល់តែមានការចូលរួមពីប្រជាពលរដ្ឋផងដែរ អាជ្ញាធតែម្នាក់ឯងមិនអាចសំរេចទៅបានទេ។

លោកអភិបាលខណ្ឌចំការមន ក្នុងឱកាសនុះក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែល រស់នៅតាមប្រឡាយបឹងត្របែកត្រូវគិតគូរពីបញ្ហាអនាម័យក្នុងការរស់នៅ ដោយធ្វើការទុកដាក់សំរាមឲ្យ បានត្រឹមត្រូវកុំបោះចោល ក្នុងប្រឡាយលូជាហេតុនាំអោយមានការកកស្ទះ សំរាម ជាពិសេសអាចធ្វើអោយប៉ះពាល់ដល់សុខភាពក្រុមគ្រួសារខ្លូនឯង កុមារនិងក្មេងតូចៗដែលងាយ និងប៉ះពាល់ដល់សុខភាព។

បើតាមមន្ត្រីរដ្ឋបាលខណ្ឌ បានឲ្យដឹងថា ក្នុងមួយថ្ងៃការងារកាយសំរាមចេញពីប្រឡាយ និងធ្វើការដឹកជញ្ជូនសំរាមបានចំនួន១៨រថយន្ត ដែលក្នុងមួយរថយន្តមានបរិមាណសំរាមប្រហែល៥តោន ចេញពីប្រឡាយខាងលើ យកទៅចាក់នៅទីលានចាក់សំរាម ដែលការងារនេះបានអនុវត្តតាំងពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះរហូតដល់អស់សំរាមពីក្នុងប្រឡាយលូ។

ការប្រមូលសំរាមនេះធ្វើឡើងដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងនារដូវវស្សា ដែលនឹងឈានមកដល់ពេលឆាប់ៗខាងមុខនេះ៕