(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា សម្រាប់កងទ័ពរំដោះប្រជាជនចិន ដែលនឹងមកចូលរួមធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ ជាមួយកងយោធពលខេមរភូមិន្ទ គឺភាគីទាំងពីរ បានធ្វើការត្រួតពិនិត្យ លើបញ្ហាសុខភាពរកវីរុស Covid-19 យ៉ាងម៉ត់ចត់ មុននឹងអនុញ្ញាតឱ្យមកកម្ពុជា ដូច្នេះ សូមកុំព្រួយបារម្ភឱ្យសោះ។

ការបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់បើកវគ្គហ្វឹកហ្វឺនគ្រូបង្គោលបច្ចេកទេសបោសសំអាតមីន ថ្នាក់អាស៊ាន និងតំបន់លើកទី៤ សម្រាប់ប្រតិបត្តិការសន្តិភាព របស់អង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ការមកបើកលំហាត់នៅពេលខាងមុខនេះ យើងច្បាស់ណាស់ យើងបានធ្វើការយ៉ាងជាក់លាក់ជាមួយនឹងមិត្តចិន យ៉ាងជាក់លាក់ ហើយពាក់ព័ន្ធសុខភាព គឺថាអត់មានបញ្ហាអីទេ គឺកម្លាំងពរលាំមាំមួនទាំងអស់ គេចាត់ឱ្យមនុស្សមក បងប្អូនអ្នកយន្តហោះ រថក្រោះ រថពាសដែក មានបច្ចេកទេសដែលមានកម្លាំងខ្លាំងក្លាណាស់ [...] ខ្ញុំសូមផ្តាំផ្ញើរនៅទីនេះ ឱ្យច្បាស់ថា សូមកុំព្រួយបារម្ភឱ្យសោះ អារឿងសុខភាពអាជំងឺផ្លូវដង្ហើម កូរ៉ូណា ឬ Covid-19 ទាំងអស់នេះ វាមិនមានកើតឡើងទេ ចំពោះកម្ពុជារបស់យើង»

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ទោះបីប៉ុន្មានថ្ងៃនេះ កម្ពុជារកឃើញបុរសជនជាតិខ្មែរម្នាក់ បានឆ្លងជំងឺ Covid-19 ពីជនជាតិជប៉ុន ក៏ប៉ុន្តែត្រូវបានកម្ពុជាគ្រប់គ្រងបានមិនឱ្យឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋណាម្នាក់ទៀតនោះទេ បើប្រៀបធៀបនឹងប្រទេសដទៃទៀត គឺកម្ពុជា នៅមានស្ថានភាពល្អប្រសើរជាងគេឆ្ងាយណាស់ ហើយមិនទាន់មានប្រជាជនកម្ពុជា ណាម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺផ្លូវដង្ហើម កូរ៉ូណា ឬ Covid-19 នៅឡើយនោះទេ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានបន្ថែមទៀតថា ក្រុមពលទាហានរបស់កងទ័ពរំដោះប្រជាជនចិន ដែលនឹងមកធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ ជាមួយកងទ័ពកម្ពុជា ត្រូវបានចេញលិខិតបញ្ជាក់អំពីសុខភាពរបស់ពួកគេយ៉ាងជាក់លាក់ ទើបភាគីចិនបញ្ជូនឱ្យចូលរួមធ្វើសមយុទ្ធយោធាដ៏សម្បើមរវាងកងទ័ពប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងការព្រួយបារម្ភចំពោះវីរុស Covid-19 តាមរយៈកងទ័ពចិននេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រដ្ឋាភិបាលចិន បាននឹងកំពុងបញ្ជូននូវឧបករណ៍ទប់ស្កាត់វីរុស Covid-19 មកកម្ពុជា ដើម្បីទប់ទល់នឹងការពារវីរុសផ្លូវដង្ហើមនេះ ដូច្នេះសូមកុំមានការព្រួយបារម្ភខ្លាំងពេកចំពោះចំណុចនេះ។

គួរជម្រាបថា ប្រតិបត្តិការសមយុទ្ធនាគមាស លើកទី៤ ឆ្នាំ២០២០ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត និងមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំមុនៗ លើប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» សមយុទ្ធនេះ ត្រូវបានគណៈកម្មាធិការរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០ ប្រទេសទាំងពីរ ចាប់ពីក្នុងអំឡុងថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដែលមានរយៈពេល ១៩ថ្ងៃ ទើបបញ្ចប់ ដែលសមយុទ្ធនេះ កងយោធពលខេមរភូមិន្ទ គ្រោងនឹងបញ្ជូនកម្លាំង ចូលរួមចំនួន ២,៧៤៦នាក់ ក្នុងនោះមានកម្លាំងចាត់ចែងទូទៅចំនួន ២៧នាក់ កម្លាំងធ្វើសមយុទ្ធចំនួន ៤៦៣នាក់ និងក្រៅពីនោះជាកម្លាំងសម្រាប់ពិធីបើក និងបិទសមយុទ្ធ។

កងទ័ពរំដោះប្រជាជនចិន មានកម្លាំងចូលរួមចំនួន ២៦៥នាក់ រួមនឹងយុទ្ធោបករណ៍ និងបរិក្ខារយោធា ដែលរួមមានយន្តហោះប្រភេទឧត្ថម្ភាកចក្រកងទ័ពជើងអាកាស MI ១៧ ប្រភេទហ្ស៊ែត ណាញ (Z9) រថពាសដែកប៉េអឹមប៉េ១, រថក្រោះតេ ៥៥, កាំភ្លើងធំធន់ធ្ងន់ប្រភេទអូសសណ្តោង, កាំភ្លើងត្បាល់ ១២០មីលីម៉ែត្រ, ៨២មីលីម៉ែត្រ, ៦០មីលីម៉ែត្រ រួមនឹងសព្វាវុធធុនស្រាល មួយចំនួនធំថែមទៀត។

នេះជាលើកទី៤ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕