(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាបរធនបាល មានក្រសួង-ស្ថាប័នរួមទាំងក្រុមហ៊ុនឯកជន ជាបន្តបន្ទាប់បានបង្កើត នូវយន្តការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការកៀរគរថវិកាបរិច្ចាគពីថ្នាក់ដឹកនាំ មន្ត្រី ឬបុគ្គលិក តាមលទ្ធភាពរៀងៗខ្លួន។

ជាក់ស្ដែងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រសួងធម្មការ និងសាសនា បានកៀរគរបានថវិកាបរិច្ចាគសរុបចំនួន ៥,២២៤,០០០រៀល (ប្រមាណ១២០០ដុល្លារ) និង៥២៥ដុល្លារអាមេរិក ជាលើកទី៣ហើយ បានចូលរួមបរិច្ចាគ ដើម្បីនាំមកនូវភាពញញឹមដល់កុមារកម្ពុជា ចាប់តាំងពីមូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨មក។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងធម្មការ និងសាសនា ដែលបានផ្ដួចផ្ដើមបង្កើតយន្តការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា ជាប្រចាំដើម្បីចូលរួមផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់កិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ដោយឈរលើទស្សន «ខ្មែរជួយខ្មែរ»។

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តដល់សប្បរសជន និងបណ្តាស្ថាប័ននានា ទាំងរដ្ឋ និងឯកជន ឱ្យចូលរួមបរិច្ចាគក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីអនាគតកុមារកម្ពុជា។ សម្រាប់ព័ត៌មានលម្អិតស្ដីពីមធ្យោបាយបរិច្ចាគ សូមចូលទៅកាន់គេហទំព័រ www.ckf.org.kh៕