(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានបង្ហាញការជឿជាក់ថា គោលដៅទេសចរណ៍ជាច្រើននៅក្នុងប្រទេសកម្ពុជា នឹងត្រូវបានពង្រីកការផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរពិភពលោក តាមរយៈអ្នកសារព័ត៌មានមកពីជប៉ុនចំនួន ៦នាក់ ដែលបានមកទស្សនកិច្ចប្រមូលយកព័ត៌មានពីគោលដៅទេសចរណ៍នានានៅកម្ពុជារយៈពេលជិត១០ថ្ងៃ។

លោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តការអន្តរជាតិ ក្រសួងទេសចរណ៍ បានថ្លែងប្រាប់ Fresh News យ៉ាងដូច្នេះថា យោងតាមការឆ្លើយតបគ្នារវាងក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ភាគីទាំងពីរបានសហការជាមួយយគ្នារៀបចំទស្សនកិច្ច (FAM Trip) នៅតាមគោលដៅទេសចរណ៍ជាច្រើននៅកម្ពុជា ចាប់ពីថ្ងៃទី០២-០៩ ខែមីនា ឆ្នាំ២០២០ ក្នុងនោះមានក្រុមអ្នកសារព័ត៌មានជំនាញរបស់ជប៉ុនចំនួន ៦នាក់ បានធ្វើដំណើរមកប្រមូលយកព័ត៌មានពីគោលដៅទេសចរណ៍នានានៅកម្ពុជា ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់ទីផ្សារទេសចរពិភពលោក។

លោកបានបន្តថា ចាប់ពីថ្ងៃទី០២-០៥ ខែមីនា ក្រុមអ្នកសារព័ត៌មានជប៉ុនទាំង ៦នាក់ បានទៅទស្សនកិច្ចនៅរាជធានីភ្នំពេញ និងខេត្តមណ្ឌលគិរី និងបានបន្តទៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី០៦-០៧ ខែមីនា ដោយបានទៅទស្សនា និងថតរូបភាពនៅទឹកធ្លាក់សុភមិត្រ ឬព្រះនិម្មិត ផ្ទះតាម៉ុក និងប្រាសាទព្រះវិហារ។ បន្ទាប់មក ចាប់ពីថ្ងៃទី០៨-០៩ ខែមីនា ពួកគេបានអញ្ជើញទៅទស្សនា និងថតទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ផ្សារចាស់ ផ្សាររាត្រី និងតំបន់ជំវិញខេត្តសៀមរាប។

អ្នកសារព័តមានជប៉ុនទាំង៦នាក់នោះ រួមមាន៖
១. មីយ៉ូកូ អូម៉ូម៉ូ (Miyoko Oomomo)
២. ស៉ិស៉ីរ៉ូ នីស៊ីមូរ៉ា (Seishiro Nishimura)
៣. ឈីគូសា អ៉ិកឹកាមិ (Chigusa Ikegami)
៤. ស៉ីហូ គូដូ (Shiho Kudo)
៥. យ៉ូស៉ីមិ លីន គូរ៉ូសាគិ (Yoshimi lynn Kurosaki)
៦. ការីន អូកាជីម៉ា (Karin Okajima)។

លោក ថោង រដ្ឋសក្តិ បានបន្តទៀតថា នៅថ្ងៃទី០៩ កញ្ញា មីយ៉ូកូ អូម៉ូម៉ូ ដែលជាសិល្បការិនីជនជាតិជប៉ុនមានការភ្ញាក់ផ្អើលដោយសារតែពាក្យសម្តីជាច្រើននៅកម្ពុជា។
តារាស្រីដ៏មានទេពកោសល្យរូបនេះបានសរសេរនៅក្នុង Blog របស់គាត់ នាថ្ងៃទី០៩ ខែមីនា ពេលធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា និងសរសេរពីបទពិសោធន៍របស់គាត់ក្រោមចំណងជើងថា «Words in Angkor Wat ឬប្រែថា ពាក្យសម្តីនៅអង្គរវត្ត»។ គាត់បានសរសេរថា «ខ្ញុំនឹងទៅធ្វើការនៅប្រទេសកម្ពុជាស្របពេលដែលមានព័ត៌មានថ្មីទាក់ទងនឹងជំងឺឆ្លងថ្មី កូរ៉ូណាវីរ៉ូស»។ គាត់បានបន្តថា «សប្តាហ៍ចុងក្រោយនេះ ជាពេលដែលមានភាពមិនប្រក្រតីនៅកម្ពុជា»។

កញ្ញា អូម៉ូម៉ូ បានថ្លែងថា «ចាប់តាំងពីពេលនោះមក ត្រូវបានសម្រេចបិទសាលារៀននៅថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅក្រុងសៀមរាប ហើយនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៨ តទៅ។ ខ្ញុំនឹងត្រូវបានដាក់កម្រិតពីការចូលទៅកាន់ប្រទេសជប៉ុនវិញ និងប្រទេសដទៃក្នុងពិភពលោក។ ខ្ញុំគិតថាខ្ញុំអាចធ្វើដំណើរបានមួយរយៈទៀតនៅក្នុងប្រទេសកម្ពុជា។ គាត់មានអារម្មណ៍ថា បរិយាកាសដ៏ប្រពៃបែបនេះ ហាក់ដូចជាមិនសមជាកន្លែងដែលមានករណីជំងឹផ្លូវដង្ហើម បណ្តាមកពីជនជាតិជប៉ុននោះទេ។

កញ្ញាបានបន្តថា «ពួកយើងក៏បានមកទស្សនាខេត្តសៀមរាបដែរ»។ ទីក្រុងសៀមរាបជាតំបន់បេតិកភណ្ឌពិភពលោក ដែលប្រាសាទអង្គរវត្តតាំងនៅ ដូច្នេះមគ្គុទេ្ទសក៍ទេសចរណ៍ក៏សួរខ្ញុំថា «តើអ្នកមកពីណា? ខ្ញុំគិតថាតើខ្ញុំគួរឆ្លើយយ៉ាងដូចម្តេច? ពីព្រោះប្រជាជនកម្ពុជាប្រហែលជាមិនចូលចិត្តជនជាតិជប៉ុនដោយសារតែការចំលងវីរុស Corona នេះហើយ។ បន្ទាប់មក ខ្ញុំឆ្លើយថា ជនជាតិជប៉ុន ហើយមគ្គុទេសក៍បាននិយាយថា ខ្ញុំស្រឡាញ់ជនជាតិជប៉ុន ជាភាសាជប៉ុនដោយស្នាមញញឹម។ បន្ថែមពីលើនេះ ស្ត្រីដែលនៅពីក្រោយខ្ញុំក៏បាននិយាយមកកាន់ខ្ញុំថា ខ្ញុំក៏ស្រឡាញ់ជនជាតិជប៉ុនដែរ»។ នាងបានសរសេរថា នាងពិតជារំជួលចិត្តយ៉ាងខ្លាំងដោយសំដីរបស់ពួកគេ ទោះបីជាមានបញ្ហាខ្លះក៏ប្រជាជនកម្ពុជានៅតែចូលចិត្តជនជាតិជប៉ុន។

លោក ពា ភាព អនុប្រធាននាយកដ្ឋានសិក្សាទីផ្សារផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស នៃក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា ការអញ្ជើញមកទស្សនកិច្ចប្រមូលយកព័ត៌មាននៅកម្ពុជា ពីសំណាក់អ្នកសារព័ត៌មានជប៉ុននាឱកាសនេះ គឺដើម្បីយកទៅផ្សព្វផ្សាយប្រាប់ពិភពលោក និងទីផ្សារទេសចរអន្តរជាតិ សំដៅធ្វើយ៉ាងណាទាក់ទាញកំណើនទេសចរអន្តរជាតិឱ្យមានទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត ខណៈកម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព ផ្ដល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្ដៅ។

លោក ពា ភាព បានបន្តថា ក្រៅពីធ្វើទស្សនកិច្ចនៅកម្ពុជាជិត១០ថ្ងៃនេះរួចមក ក្រុមអ្នកសារព័ត៌មានរបស់ជប៉ុនទាំង៦នាក់ខាងលើ បានធ្វើដំណើរត្រលប់ទៅប្រទេសកំណើតវិញ នាថ្ងៃទី១០ ខែមីនា ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប ប្រកបដោយក្ដីរីករាយ និងទទួលបានព័ត៌មានជាច្រើនពីគោលដៅទេសចរណ៍នៅកម្ពុជា៕