(ភ្នំពេញ)៖ ពីមាត់ទន្លេមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ក្រសួងទេសចរណ៍ និងអង្គការ LET'S DO IT WORLD បានសហការគ្នាថ្លែងសារអំពាវនាវដល់ប្រជាពលរដ្ឋ និងធ្វើជាគំរូបង្ហាញដល់ប្រជាពលរដ្ឋឱ្យចូលរួមសម្អាតបរិស្ថាន ពិសេសត្រូវចូលរួមសម្អាតសំរាមពីច្រាំងទន្លេនៅកម្ពុជា ដើម្បីសោភ័ណភាពទន្លេ និងទីក្រុង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ជាតិ ពិសេសក៏ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នេះផងដែរ។

លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពាទីក្រុងស្អាត និងជំរុញការប្រលងប្រណាំង នៃក្រសួងទេសចរណ៍ បានថ្លែងថា នាឱកាសពិធីបុណ្យទន្លេឆ្នាំនេះដែរ ក្រសួងទេសចរណ៍បានចេញលិខិតអំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត ដែលនៅតាមដងទន្លេទាំងអស់នៅកម្ពុជា ត្រូវចូលរួមសម្អាតបរិស្ថានតាមច្រាំងទន្លេឱ្យបានស្អាត ឱ្យមានសោភ័ណភាព។

លោក ហ៊ួត រិទ្ធី បានបន្តថា ទន្លេបានផ្ដល់សក្ដានុពលទេសចរណ៍យ៉ាងច្រើនសម្បូរបែប។ ភាពស្អាត និងបៃតងនៅតាមដងទន្លេ ក៏បានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនខ្លាំងណាស់ដែរ សម្រាប់ប្រជាជនជាច្រើនសែននាក់ដែលរស់នៅតាមដងទន្លេនានានៅកម្ពុជា។

លោកប្រធាននាយកដ្ឋានសេវាគាំពាទីក្រុងស្អាត និងជំរុញការប្រលងប្រណាំង បានបន្តទៀតថា នាឱកាសពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង ឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍នឹងសហការជាមួយអង្គការ LET'S DO IT WORLD និងអង្គការ River Clean up Belgium ត្រៀមអនុវត្តសកម្មភាពសម្អាតបរិស្ថាន និងសំរាមនៅជុំវិញបឹងទន្លេសាប។ ដូច្នេះលោកបានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរគ្រប់ទីកន្លែងសូមចូលរួមក្នុងសកម្មភាពសម្អាតសំរាមពីទន្លេឱ្យបានផុសផុល។

លោក នូ សុវណ្ណ នាយកប្រចាំតំបន់អាស៊ីនៃអង្គការ LET'S DO IT WORLD ក៏បានសំណូមពរដល់ក្រុមហ៊ុនឯកជននានា ដែលទាញផលប្រយោជន៍ពីទឹកទន្លេ សូមចូលរួមឱ្យបានក្លៀវក្លាជាមួយសកម្មភាពសម្អាតសំរាមពីទន្លេទាំងនោះផងដែរ។

លោក នូ សុវណ្ណ ក៏បានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា គួរតែរឹតបន្តឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម។ ប្រសិនបើមានបុគ្គលណាដែលចោលសំរាមផ្ដេសផ្ដាស ត្រូវតែទទួលការផាកពិន័យ ឬទទួលទោសទណ្ឌតាមទង្វើជាក់ស្ដែង។

សូមទស្សនាវីដេអូដូចតទៅ៖