(កំពង់ធំ)៖ កាំកុងត្រូលសាខា ខេត្តកំពង់ បានសហការជាមួយកម្លាំងចម្រុះ និងមន្ទីរពាណិជ្ជកម្មខេត្ត ការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាល បានបើកប្រតិបត្តិការចុះបង្ក្រាប និងដកហូតចាហួយដូងម៉ាក (THANH BINH) ចំនួន ១៨កេស ដែលនាំចូលពីប្រទេសវៀតណាម ផ្សុំពីសារធាតុកៅស៊ូ និងលាយសារធាតុគីមី ពីអាជីវករនៅផ្សារឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ប្រតិបត្តិការចុះដកហូតចាហួយដូងផ្សុំលាយសារធាតុកៅស៊ូ និងសារធាតុគីមីនេះ បានធ្វើឡើងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ, បានធ្វើឡើងក្រោមការសម្របសម្រួល របស់លោកព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ធំ ដែលចុះអនុវត្តផ្ទាល់ដោយលោក ដួង សារ៉ន ព្រះរាជអាជ្ញារងអយ្យការអមសាលា ដំបូងខេត្តំពង់ធំ ដកហូតចាហួយដូងម៉ាក (THANH BINH) ចំនួន ១៨កេស។

ក្នុងប្រតិបត្តិការនេះ លោក លៀង សុភា ប្រធានកាំកុងត្រូលសាខាខេត្តកំពង់ធំ បានលើកឡើងថា ចាហួយដូងម៉ាក ជាផលិតផល របស់ប្រទេសវៀតណាម គឺជាទំនិញហាមឃាត់នាំចូល និងចរាចរណ៍នៅលើទីផ្សារ ព្រោះទំនិញនេះ ផ្សុំឡើងពីសារធាតុកៅស៊ូ លាយជាមួយមេស្ករ ដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលបរិភោគយ៉ាងធ្ងន់ធ្ងរ ជាពិសេសកុមារ។

លោកបានបន្តថា ចាហួយដូងម៉ាក (THANH BINH) លែងមានវត្តមាននៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ អស់រយៈជិត១ឆ្នាំមកហើយ។ ដោយឡែក ក្នុងប្រតិបត្តិការនេះ ដំបូងប្រទះឃើញចំនួន៣កេស នៅផ្សារឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ បន្ទាប់មកបន្តនីតិវិធីធ្វើកិច្ចសន្យា បញ្ឈប់ការលក់ដូរ និងធ្វើការស៊ីបសួរបន្ថែមរកទីតាំងចែកចាយ (ដេប៉ូ) ព្រមទាំងសុំគោលការណ៍ ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះឆែកឆេរ ដេប៉ូ ចែកចាយលក់ដុំមួយកន្លែង ដែលមានម្ចាស់ឈ្មោះ លោក សេង ហ៊ុន និងលោកស្រី គុយ គីមហួយ មានទីតាំងនៅសង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

តាមរយៈការចែកចាយនូវទំនិញហាមឃាត របស់ម្ចាស់ដេប៉ូរូបនេះ, លោក ដួង សារ៉ន ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូង ខេត្តំពង់ធំ បានបញ្ជាក់ថា អយ្យការសាលាដំបូងខេត្តកំពង់ធំនឹងសាកសួរបន្ថែមលើជនសង្ស័យ ព្រមទាំងបន្តនីតិវធីច្បាប់ ចំពោះម្ចាស់ដេប៉ូនេះបន្ត ដូចមានចែងក្នុងមាត្រទី២៧ នៃច្បាប់ស្តីអំពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដែលធ្វើការផ្តោតសំខាន់ លើកិច្ចការពារអ្នកប្រើប្រាស់ជាចម្បង។

ក្នុងប្រតិបត្តិការនេះដែរ កាំកុងត្រូលសាខាខេត្តកំពង់ធំ បានធ្វើការដកហូតទឹកសុទ្ធដែលគ្មានកាលបរិច្ឆេទប្រើប្រាស់ ទឹកសុទ្ធគ្មានការអនុញ្ញាត្តិច្បាប់ ចំណុះ៥០០មីលីលីត្រ ចំនួនចំនួន៦ម៉ាក ដែលមានចំនួន សរុប ១.១២១យួរ ស្មើរ១៣.៤៥២ដប ដឹកជញ្ជូនមករក្សាទុករង់ចាំកំទេចចោល។ ដែលនេះ គឺជាកិច្ចការព្រមានដំបូងដល់ម្ចាស់សិប្បកម្មទាំងអស់នេះ ប្រសិនបើក្រោយពីការធ្វើកិច្ច សន្យាជាលាយល័ក្ខអក្សរនេះ មិនធ្វើការកែប្រែតាមស្តង់ដា នឹងឈានទៅដល់បិទទីតាំងសិប្បកម្មតែម្តង៕