(ស្វាយរៀង)៖ បុរសជាងកាត់សក់ម្នាក់ រស់នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានប្រកាសស្វែងរកប្រពន្ធជាទីស្រលាញ់ ដែលបានបាត់ខ្លួន ក្រោយទៅធ្វើការរោងនៅក្រុងបាវិត ហើយមិនឃើញវិលត្រលប់មកផ្ទះវិញ។

ករណីបាត់ខ្លួននេះ បានបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

បុរសជាប្តីឈ្មោះ វ៉ាង មានមុខរបរជាជាងកាត់សក់ បានរៀបរាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមីនានេះថា ប្រពន្ធរបស់គាត់មានឈ្មោះ ឆឹង សារ៉ាយ អាយុ៤០ឆ្នាំ មុខរបរធ្វើការរោងចក្រនៅតំបន់សេដ្ឋកិច្ច ពិសេសមេហាធេនក្រុងបាវិត។

នៅមុនពេលបាត់ខ្លួន ស្ត្រីជាប្រពន្ធបានចេញទៅធ្វើការដូចសព្វមួយដង ហើយបានប្រាប់ថា មានស្ត្រីម្នាក់ឈ្មោះ សំ បានខ្ចីខោអាវខ្លួន ខណៈព្រឹកឡើងបានវេចខោអាវយកទៅឲ្យស្ត្រីនោះ នៅខាងមុខរោងចក្រស្រាប់តែបាត់ខ្លួនរហូត អត់ឃើញចូលធ្វើការក្នុងរោងចក្រវិញ លុះល្ងាចក៏មិនឃើញវិលត្រលប់មកផ្ទះវិញទៀត ទើបលោកប្រកាសស្វែងរកប្រពន្ធតាមសង្គមហ្វេសបុក និងសំណូមពរទៅបណ្តាញព័ត៌មានជួយផ្សព្វផ្សាយ ហើយលោកក៏បានទៅប្តឹងសមត្ថកិច្ចផងដែរ។

លោក វ៉ាង បានអំពាវនាវដល់ប្រពន្ធជាទីស្រលាញ់ បើបានដឹងតាមរយៈការប្រកាសនេះ ហើយសូមវិលមកផ្ទះវិញផងព្រោះកូនៗ នឹកខ្លាំងណាស់ក្នុងនោះ បើបងប្អូនប្រជាពលរដ្ឋបានឃើញស្ត្រី ដែលមានភិនភាគដូចខាងក្រោមសូមទាក់ទងមកលេខ ០៨៨ ៩៨ ៧០ ២២២ ផងសូមអរគុណ៕