(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានណែនាំដល់អ្នកប្រកបអាជីវកម្មវេជ្ជសាស្ត្រឯកជននៅតាមក្រុង ស្រុកនានាក្នុងខេត្ត ត្រូវសហការជាមួយ មន្ទីរសុខាភិបាលខេត្ត ដោយរាយការណ៍មកជាបន្ទាន់ ក្នុងករណីសង្ស័យថា មានពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនមានរោគសញ្ញាវីរុសកូរ៉ូណា ឬ Covid-19។

ការណែនាំរបស់លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបែបនេះ ក្នុងឱកាសដែលលោក និងសហការី អញ្ជើញចុះអប់រំផ្សព្វផ្សាយស្តីពីជំងឺ Covid-19 ដល់អ្នកប្រកបអាជីវកម្មវេជ្ជសាស្ត្រឯកជន នៅតាមបណ្តាស្រុក៤ ក្នុងខេត្តព្រះវិហារ រួមមាន៖ ស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកជ័យសែន និងស្រុកឆែប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងឲ្យដឹងទៀតថា ការចុះអប់រំផ្សព្វផ្សាយស្តីពីជងឺ Covid-19 នេះ គឺមានការចូលរួមពីអ្នកប្រកបអាជីវកម្មវេជ្ជសាស្ត្រឯកជន មកពីស្រុកជាំក្សាន្តចំនួន ៣០សេវាឯកជន ស្រុកគូលែនចំនួន ៣១សេវាឯកជន ស្រុកជ័យសែនចំនួន ១៥សេវាឯកជន និងស្រុកឆែបចំនួន ១៧សេវាឯកជន ហើយការផ្សព្វផ្សាយនេះ ចង់ឲ្យពួកគាត់ជួយផ្សព្វផ្សាយបន្ត និងសហការជាមួយមន្ទីរសុខាភិបាលខេត្ត ក្នុងករណីសង្ស័យមានរោគសញ្ញាជំងឺ Covid-19 ត្រូវរាយការណ៍មកមន្ទីរសុខាភិបាលខេត្តជាបន្ទាន់។

លោកបានគូសបញ្ជាក់ទៀតថា ដោយអនុវត្តតាមការណែនាំរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរសុខាភិបាលខេត្ត បានចុះអប់រំផ្សព្វផ្សាយដល់អ្នកប្រកបសេវាសុខាភិបាលឯកជន នៅតាមស្រុកនានាក្នុងខេត្ត និងបានចុះអប់រំផ្សព្វផ្សាយស្តីពីជំងឺ Covid-19 ដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំនានាក្នុងខេត្តឲ្យ ពួកគាត់ បានយល់និងមានវិធានាការការពារផងដែរ៕