(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀត បានប្រើប្រាស់ ពិសេសតំបន់ជាក្រុង ដោយសារតែសមត្ថកិច្ចនៃការផលិតទឹកស្អាត ក្នុង១ថ្ងៃបានត្រឹម៦០ម៉ឺនម៉ែត្រគូប តែតម្រូវការប្រើប្រាស់ មានរហូតដល់៧០ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ។

រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ រដ្ឋាករទឹកមានរោងចក្រផលិតទឹកស្អាតសរុបចំនួន៤ ផលិតទឹកស្អាតបានជាមធ្យម៦០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ក៏ប៉ុន្តែជាក់ស្តែង ជាមួយនឹងការលូតរាស់នៃរាជធានីភ្នំពេញ និងកំណើនប្រជាជន ធ្វើឲ្យតម្រូវការទឹកស្អាត បានកើនឡើងខ្ពស់ដល់ ៧០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ដែលធ្វើមានការខ្វះខាតទឹកស្អាត សម្រាប់ចែកចាយ ជាពិសេសតំបន់ជាយក្រុងក្នុងម៉ោងមានតម្រូវការទឹកខ្ពស់។

រដ្ឋាករទឹកបានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកកំពុងបន្តសាងសង់បន្ថែមនូវរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅបាក់ខែង ដែលនឹងអាចផលិតទឹកស្អាតបាន៣៩ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ក្នុងឆ្នាំ២០២៣។

រដ្ឋាកករទឹកក្រុងភ្នំពេញបន្ថែមទៀតថា «ដោយពិនិត្យឃើញថា នារដូវប្រាំងនេះ តម្រូវការទឹកនឹងកាត់តែកើនឡើង រដ្ឋាករទឹកសូមអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីបានចែករំលែកទៅដល់អតិថិជនផ្សេងទៀត ពិសេសតំបន់ជាយក្រុង ដោយមេត្តាកុំប្រើប្រាស់ទឹកស្អាតសម្រាប់បាញ់លាងសម្អាតផ្ទះ មេត្តាកាត់បន្ថយការស្រោចសួន និងលាងយានយន្តជាដើម»