(ភ្នំពេញ)៖ រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យគណៈប្រតិភូបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB (Country Programming Mission, CPM 2020) ដឹកនាំដោយលោក Jiangfeng Zhang នាយកផ្នែកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្ម នៃនាយកដ្ឋានភូមិភាគអាស៊ីអាគ្នេយ៏ Southeast Asia Department និងលោកស្រី Sunniya Durrani Jamal នាយកស្ថានតំណាង ADB ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម និងធ្វើសេចក្តីរាយការណ៍ស្តីពីលទ្ធផលការងារ សហប្រតិបត្តិការលើវិស័យទឹក នៅទីស្ដីការក្រសួង។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលជាដៃគូសហប្រតិបត្តិការដ៏ល្អ ក្នុងការយកចិត្តទុកដាក់លើផែនការជាយុទ្ធសាស្រ្ត សម្រាប់កិច្ចអភិវឌ្ឍន៏ប្រទេសកម្ពុជាពីឆ្នាំ២០១៩-២០២៣ Cambodia Country Partnerships Strategy (CPS, 2019-2023)។

លោក Jiangfeng Zhang បានធ្វើសេចក្តីរាយការណ៍ស្តីពីលទ្ធផលការងារសហប្រតិបត្តិការលើវិស័យទឹករវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍អាស៊ី ADB ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ និងការបញ្ជាក់ពីយុទ្ធសាស្រ្តគាំទ្រថ្មីរបស់ ADB សម្រាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២។

គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍អាស៊ី ADB នាពេលកន្លងមក រហូតមកបច្ចុប្បន្ននេះ មានដូចខាងក្រោម៖

*ទី១៖ គម្រោងប្រព័ន្ធធារាសាស្រ្តតំបន់ខ្ពង់រាប និងការគ្រប់គ្រងវិស័យធនធានទឹក
*ទី២៖ គម្រោងកែលំអរលើវិស័យធារាសាស្រ្តកសិកម្ម
*ទី៣៖ គម្រោង GMS លើការគ្រប់គ្រង និងកាត់បន្ថយនូវហានិភ័យដែលកើតឡើងដោយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់ អនុគម្រោងដំណាក់ឈើក្រមក្នុងខេត្តពោធិ៍សាត់
*ទី៤៖ គម្រោង ADB CFAVC ក្នុងខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
*ទី៥៖ គម្រោងស្រូវ Rice SDP។

សម្រាប់ផែនការយុទ្ធសាស្រ្តថ្មីរបស់ ADB លើវិស័យទឹក ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ មានគម្រោង ADB MFF លើការគ្រប់គ្រងវិស័យធនធានទឹកចម្រុះ Integrated Water Resources Management ចាប់ពីអាងទន្លេ អាងទន្លេរង ដល់ប្រព័ន្ធជើងក្រោមនៃផ្ទៃរងទឹកភ្លៀងគ្រប់ប្រភេទទាំងអស់ក្នុងក្របខណ្ឌទូទាំងព្រះរាជាណចក្រកម្ពុជា។

ផែនការយុទ្ធសាស្រ្តនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅ ដោយបានអនុញាតឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB បោះទុនវិនិយោគទៅតាមកម្មវិធីអភិវឌ្ឍន៏សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ជាពិសេសផែនការយុទ្ធសាស្រ្តនេះ ស្រប និងស៊ីចង្វាក់គ្នាទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាតំណាក់កាលទី ៤ ដែលគាំទ្រដល់កម្មវិធីធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ដើម្បីឈានទៅធ្វើការសម្រេចឲ្យខាងតែបានលើគោលដៅឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៥០។

សូមបញ្ជាក់ថា ការបង្កើនការវិនិយោគរបស់ធនាគារអភិវឌ្ឍន៏អាស៊ី ADB តាមវិស័យជាអាទិភាពលើការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក ចាប់ពីអាងទន្លេ អាងទន្លេរង រហូតដល់ផ្ទៃរងទឹកភ្លៀង គ្រប់ប្រភេទទាំងអស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស គឺស្ថិតក្នុងវិស័យជាអាទិភាពទី៣ នៃផែនការយុទ្ធសាស្រ្តរបស់ ADB។

ជាថ្មីម្តងទៀត លោករដ្ឋមន្រ្តីក៏បានថ្លែងការកោតសរសើរ ដល់លោកស្រី Sunniya Durrani Jamal ដែលបានអញ្ជើញមកកាន់តំណែងជានាយកស្ថានតំណាងធនាគារអភិវឌ្ឍន៏អាស៊ី ADB ប្រចាំប្រទេសកម្ពុជា មានរយៈពេលខ្លីសោះ តែបានបំពេញបេសកកម្មដ៏ច្រើនជូនប្រទេសកម្ពុជា ជាពិសេសលោកស្រី បានសម្រេចនូវលទ្ធផលជាច្រើនជូនក្រសួងធនធានទឹក និងឧតុនិយម ពាក់ព័ន្ធនឹងវិស័យទឹក ដូចជាគម្រោងការគ្រប់គ្រងវិស័យធនធានទឹកចម្រុះ ដែលមានចែងក្នុង CPS 2019-2023 រួចហើយ។

លោករដ្ឋមន្រ្តី ក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម និងបន្តកិច្ចសហការយ៉ាងល្អជាមួយនឹងធនាគារអភិវឌ្ឍន៏អាស៊ី ADB ក្នុងការអនុវត្តន៍ CPS របស់ ADB ប្រកបដោយសាកសិទ្ធភាព មានប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព៕