(កណ្ដាល)៖ ប្រជាពលរដ្ឋតាមមូលដ្ឋាននៅស្រុកកោះធំ ខេត្តកណ្តាល បានបង្ហោះសារសាទរ នៃការចូលខ្លួនដោះស្រាយដោយផ្ទាល់ និងទាន់ពេលវេលា ពីសំណាក់លោកស្នងការខេត្តកណ្ដាល ចំពោះបញ្ហាដែលពលរដ្ឋមានចម្ងល់លើនគរបាលស្រុកកោះធំម្នាក់ថា ចង់ស្គាល់អត្តសញ្ញាណជន ដែលរាយការណ៍ទៅសមត្ថកិច្ចអំពីករណីល្បែងស៊ីស។ ការសុំអត្តសញ្ញាណអ្នករាយការណ៍ទៅនេះ បានធ្វើឲ្យពលរដ្ឋរិះគន់ចំពោះនគរបាលរូបនោះ តែជាការឆ្លើយតបលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចូលខ្លួនដោះស្រាយភ្លាមៗ។

យោងតាមគណនីហ្វេសប៊ុកមួយ ឈ្មោះ Kunthea Nov បានបង្ហោះថា «ខ្ញុំមានចម្ងល់ចង់សួរទៅបងៗ Police ស្រុកកោះធំ ខេត្តកណ្តាល បើមានគេប្តឹងគឺត្រូវប្រាប់ឈ្មោះអ្នកប្តឹងឱ្យគេស្គាល់អញ្ចឹង (រឿងល្បែងស៊ីសង)»។

ជុំវិញករណីចម្ងល់នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាឱ្យមន្ត្រីជំនាញក្រោមឱវាទ ចុះពិនិត្យស្រាវជ្រាវ ក្រោមការតាមដានរបស់លោក ផ្ទាល់ ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនគ្រប់គ្នា និងចង់សំអាតមន្ត្រីអសកម្មមួយចំនួនដែលខិលខូច ឬមិនចូលរួមបម្រើរាស្ត្រ។

បន្ទាប់ពីការចូលខ្លួនដោះស្រាយភ្លាម ពីសំណាក់លោកស្នងការខេត្តកណ្ដាល ម្ចាស់គណនី Facebook ឈ្មោះ Kunthea Nov ក៏បានសរសេរក្នុងន័យអរគុណ និងសាទរចំពោះការចូលខ្លួន ដោះស្រាយ បញ្ហាបានទាន់ពេលវេលា និងម៉ឺងម៉ាត់ របស់លោកស្នងការខេត្តកណ្ដាលផងដែរ ៕