(សៀមរាប)៖ សាលាបណ្តុះបណ្តលវិជ្ជាជីវៈកាត់ដេរ នៃសមាគមជីវិត និងក្តីសង្ឃឹម (Life and Hope association) របស់ព្រះសង្ឃវត្តដំណាក់ខេត្តសៀមរាប បានកំពុងមមារញឹកក្នុងការដេរ ម៉ាស់ក្រណាត់ ប្រគេនដល់ព្រះសង្ឃ ចែកជូនបរិស័ទ និងមហាជនទូទៅដោយឥតគិតថ្លៃ។

សកម្មភាពនេះ ត្រូវបានគិតគូរក្នុងកំឡុងពេលដែលខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏ចម្បងប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានរកឃើញមេរោកថ្មីគឺ Coronavirus ឬ COVID-19 លើបុរសជនជាតិខ្មែរម្នាក់។

ការផលិតម៉ាស់នេះ ដើម្បីរួមចំឡែកក្នុងការទប់ស្កាត់ការរីករាលដាស នៃមេរោគផង និងជួយសម្រួលថ្លៃចំណាយរបស់ព្រះសង្ឃ បរិស័ទ និងប្រជាពលរដ្ឋផង ដោយហេតុថា ការចំណាយលើថ្លៃម៉ាស់ ទឹកអាល់កុលសម្រាប់លាងដៃ ក៏ជាចំណាយដែលធ្វើឱ្យមានការលំបាកដល់ញាតិញោម ពិសេសញាតិញោមដែលខ្វះខាត ហើយវាជាការបង្ហាញពីមនុស្សធម៌ដែលមនុស្សគ្រប់រូប ជាកោសិការបស់សង្គម ត្រូវរួមចំណែកជួយគ្នាក្នុងគ្រាមានអាស័ន្នបែបនេះ នេះជាការលើកឡើងរបស់ព្រះតេជៈព្រះគុណ ឡម លឿម នាយកប្រតិបត្តិ សមាគមជីវិត និងក្តីសង្ឃឹម។

ថ្វីដ្បិតតែមេរោគថ្មីនេះ មិនទាន់ឆ្លងដល់ប្រជាជនខ្មែរយើងច្រើន ក៏ពិតមែន ប៉ុន្តែវាកំពុងតែបានក្លាយជាកង្វល់ដ៏ធំ ក្នុងសកលលោកទាំងមូល ក៏ដូចពលរដ្ឋខ្មែរគ្រប់រូប ដូច្នេះការការពារ គឺជាកត្តាចម្បង ហើយការចូលរួមតាមគ្រប់រូបភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស រួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញារធរខេត្តសៀមរាប ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ តែម្តងផងដែរ។ នេះជាការលើកឡើងរបស់លោក ហឿន សំនៀង ស្ថាបនិកសមាគមអតីតនាយប្រតិបត្តិសមាគមនេះ។

ការចូលរួមនេះ ស្របតាមគោលបំណងរបស់សមាគមដែលបានបង្កើតឡើង កាលពីឆ្នាំ២០០៥ ដោយអតីភិក្ខុ ព្រហ្មជ្ជោតោ ហឿន សំនៀង ដែលបានបង្កើតសមាគមនេះឡើង ក្នុងគោលបំណងជួយដល់មនុស្សទូទៅឱ្យរួចផុតពីបញ្ហាក្នុងជីវិត ហើយមានឱកាសកែប្រែជោគវាសនាខ្លួនឯង ព្រមទាំងក្លាយជាភ្នាក់ងារជួយសង្គមថែមទៀត ជាពិសេសគឺកុមារក្រីក្រ កុមារងាយរងគ្រោះ ស្រ្តី និង យុវតីងាយរងគ្រោះ។

បញ្ជាក់សិស្សដែលកំពុងតែកាត់ដេរម៉ាស់នេះ គឺជាសិស្សជំនាន់ទី១៥ នៃសាលាបណ្តុបណ្តាលកាត់ដេរ របស់សមាគមជីវិត និងក្តីសង្ឃឹម។ សមាគមមានគំរោងដេរម៉ាស់មិនកំណត់ចំនួនទេ មានអ្នកមកទទួលយកម៉ាស់ច្រើន និងមានអ្នកចូលរួមបរិច្ចាគក្រណាត់បន្ត យើងនឹងដេរបន្តរហូតផងដែរ។

ប៉ុន្មានថ្ងៃមកនេះ មានញាតិញោមយកក្រណាត់មកឲ្យដេរ និងមកទទួលម៉ាស់ផងដែរ។ ញាតិញោមខ្លះ យកក្រណាត់មកបរិច្ចាគ ដើម្បីឲ្យសមាគម បានដេរម៉ាស់ប្រគេននិងចែកជូនសាធារណៈជនផងដែរ៕