(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃវីរុស កូរ៉ូណា ឬ Covid-19 តាមរយៈនៃសកម្មភាពផ្តើមចេញពីមនុស្សម្នាក់គ្រួសារនីមួយៗ ភូមិនីមួយៗ ដើម្បីធ្វើអនាម័យ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ សហគមន៍របស់យើង ក៏ដូចជាជាតិទាំងមូល។

ការបន្តអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាពប្រកាស បើកពិធីបុណ្យទន្លេលើកទី៦ នៅក្នុងខេត្តបាត់ដំបង។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះថា៖ «ចំណុចនេះ ជាចំណុចដែលខ្ញុំសូមយកឱកាសនេះអំពាវនាវសារជាថ្មីម្តងទៀត ចំពោះបងប្អូនជនរួមជាតិ សូមចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវការរីករាលដាលដោយជំងឺឆ្លង Covid-19 នេះដែលអីឡូវបានក្លាយទៅឈ្មោះ អីផ្សេងមួយទៀតហើយ ការរីករាលដាលសកលនោះ ហើយយើងត្រូវប្រើវិធី ដែលទម្លាក់របស់ខ្មែរ ត្រូវបានពួកអឺរ៉ុប យកទៅប្រើ តាមរយៈនៃការលើកដៃសំពះ ជំនួសឱ្យការចាប់ដៃគ្នា [...] មានរបៀបជាច្រើនដែលគេធ្វើ ប៉ុន្តែ នៅកម្ពុជា របៀបមួយដើម្បីធ្វើការទំនាក់ទំនង ក្នុងការរីករាលដាល នៃជំងឺឆ្លង នៃការលើកដៃសំពះគ្នា ទៅវិញទៅមក ដើម្បីជំនួសឱ្យការចាប់ដៃ ព្រោះជំងឺនេះវាឆ្លងរហ័សបំផុត នៅពេលដែលមានការប៉ះដៃជាមួយគ្នា»

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ម្ចាស់ស្ថានីយ៍ទូរទស្សន៍ ព្រមទាំងបណ្តាប្រព័ន្ធផ្សព្វផ្សាយ យកឃ្លីបវីដេអូ លើកដៃសំពះគ្នាទៅវិញ ទៅមកពីសំណាក់ថ្នាក់ដឹកនាំបណ្តាប្រទេសនានានៅក្នុងប្រទេសអឺរ៉ុបជំនួសឱ្យការចាប់ដៃគ្នា។ ដោយឡែកឃ្លីបវីដេអូ នៃការចាប់ដៃគ្នាធ្វើឱ្យឆ្លងដល់អ្នកដទៃជាបន្តបន្ទាប់ រាប់ទាំងក្រុមគ្រូពេទ្យ ដូច្នេះវីដេអូនេះ ក៏គួរតែយកទៅផ្សព្វផ្សាយបន្ត ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹកពីការការពារនៃការចម្លងវីរុស កូរ៉ូណា ឬ Covid-19 នេះជាដើម។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីសប្បាយរីករាយ ដែលសម្តេចបានឃើញមន្ត្រី របស់សម្តេចបានដាក់ក្រមា តាមជាប់នឹងខ្លួន ជំនួសឱ្យការប្រើម៉ាស់ ក្រមា គឺជាទម្លាបទំលាបខ្មែរ អីឡូវនេះ សូមឱ្យក្រមាខ្មែរ ថែសុខភាពយើងទាំងអស់គ្នា ប៉ុន្តែ ទោះជាយ៉ាងណានៅពេលចាំបាច់ ក៏ត្រូវតែពាក់ម៉ាស់ ក៏ប៉ុន្តែ សម្តេចយល់ថា ក្រមា មានភាពងាយស្រួលជាង ជាពិសេសអាចបតបែន តាមតម្រូវការរបស់អ្នកប្រើប្រាស់។ ដូច្នេះ អ្នកលក់ម៉ាស់ គឺពុំមានលទ្ធភាពដើម្បីតម្លើងថ្លៃម៉ាស់ ទៀតនោះទេ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមយ៉ាងដូច្នេះថា៖ «នេះជាអ្វីដែលខ្ញុំសូមអំពាវនាវ សម្រាប់ប្រជាពលរដ្ឋរបស់យើងត្រូវចូលរួមទប់ស្កាត់ ជំងឺរីករាលដាល Covid-19 តាមរយៈនៃសកម្មភាព ផ្តើមចេញពីមនុស្សម្នាក់ គ្រួសារនីមួយៗ ភូមិនីមួយៗ ដើម្បីធ្វើអនាម័យ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនយើង ក្រុមគ្រួសារយើង និងសម្រាប់សហគមន៍របស់យើង ក៏ដូចជាជាតិយើងទាំងមូល»

សូមបញ្ជាក់ថា រហូតដល់ពេលនេះគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ៕