(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន បានរៀបចំធ្វើពិធីបុណ្យខួបគម្រប់៣ឆ្នាំ នៅភូមិគ្រឹះសម្តេចវិបុលបញ្ញា សុខ អាន ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅតាមទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងព្រះពុទ្ធសាសនា ដូចជាពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា និងពិធីពុទ្ធាភិសេកព្រះពុទ្ធរូបនិងអដ្ឋិធាតុ។

ក្នុងពិធីបុណ្យខួបគម្រប់៣ឆ្នាំ និងតម្កល់អដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាឥស្សរជនជាន់ខ្ពស់របស់ជាតិ លោកឧកញ៉ា ភ្ញៀវជាតិ-អន្តរជាតិ និងមន្ត្រីរាជការ ជាច្រើនរូបបានចូលរួម។

តាមរយៈវត្តមានដ៏ច្រើនកុះករនេះ គឺជាការសបញ្ជាក់នូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះ សម្តេចវិបុលបញ្ញា សម្រាប់គុណបំណាច់ និងស្នាដៃ ដ៏ធំធេង ដែលស្ទើរពេញមួយជីវិតរបស់សម្តេច លោកបានចំណាយពេលវេលាទាំងស្រុងខិតខំប្រឹងប្រែងបំពេញ ការងារដោយមិនខ្លាចនឿយហត់ បូជាទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិអស់រយៈពេលជាច្រើនទសវត្សរ៍។

សម្តេចវិបុលបញ្ញា ជាឥស្សរជនគន្លឹះរបស់ជាតិមួយរូបដ៏មានស្វាមីភក្តិក្នុងបុព្វជាតិ សាសនា ព្រះមហាក្សត្រ និងបានចូលរួមយ៉ាងសកម្ម ក្នុងការដឹកនាំជាតិមាតុភូមិកម្ពុជា កសាងបាននូវសុខសន្តិភាពជាតិ ឯកភាពជាតិ ស្ថាប័នជាតិ ការពារយុត្តិធម៌សង្គម បូរណភាពទឹកដី និងការលើកតម្កើងវប្បធម៌ជាតិ មនុស្សជាតិ អប់រំនិងសិក្សាធិការជាតិ ការអភិវឌ្ឍជាតិ ព្រមទាំងសមិទ្ធផលជាច្រើនទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចវិបុលបញ្ញា សុខ អាន គឺជាតួអង្គមួយដ៏សំខាន់ដែលបានរួមចំណែកក្នុងដោះស្រាយភាពជាប់គាំងនយោបាយនៅកម្ពុជា ការងារកំណែទម្រង់រួមមានកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និង កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ការងារអភិវឌ្ឍវិស័យប្រេងកាត ព្រមទាំងការងារអភិវឌ្ឍវិស័យអាកាសចរស៊ីវិល។

បន្ថែមលើនេះ ក្នុងនាមជាប្រធានក្រុមការងារសម្រាប់សហប្រតិបត្តិការ ជាមួយអ្នកជំនាញច្បាប់បរទេស និងរៀបចំដំណើរការជំនុំជម្រះក្តីមេដឹកនាំ ខ្មែរក្រហម សម្តេចវិបុលបញ្ញាបានដឹកនាំការងារចរចាដ៏តានតឹង ស្មុគស្មាញ និងវែងឆ្ងាយជាមួយសមភាគីអង្គការសហប្រជាជាតិ ប្រកបដោយវិជ្ជាជីវៈការទូតខ្ពស់ រហូតសម្រេចបានការរៀបចំបង្កើតឱ្យមានតុលាការជាតិ ដែលមានចរិកអន្តរជាតិ ដើម្បីកាត់ទោសឧក្រិដ្ឋជនមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ តុលាការនេះត្រូវបានមតិជាតិ និងអន្តរជាតិចាត់ទុកជា គំរូកម្ពុជា ហើយអាចយកទៅអនុវត្តបានក្នុងប្រទេសនានាលើពិភពលោក។

ចំពោះវិស័យការទូតវប្បធម៌ សម្តេចវិបុលបញ្ញា បានដឹកនាំគណៈប្រតិភូកម្ពុជាតស៊ូយ៉ាងស្វិតស្វាញបំផុត ក្នុងប្រវត្តិសាស្រ្តកម្ពុជា ក្នុងយុទ្ធនាការស្វែងរកការគាំទ្រ សម្រាប់ការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ រហូតសម្រេចបានជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅក្រុងកេបិក ប្រទេសកាណាដា រួមទាំងបានជំរុញឱ្យមានការដាក់បញ្ចូលសម្បតិ្តបេតិកភណ្ឌរូបីនិងអរូបីជាច្រើនទៀតទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ជោគជ័យទាំងនេះ បានធ្វើឱ្យកិត្យានុភាពជាតិខ្មែរខ្ពស់ត្រដែតឡើងក្នុងឆាកអន្តរជាតិគួរឱ្យកត់សម្គាល់ ព្រមទាំងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិជាច្រើនផ្សេងទៀត។

ក្នុងនាមជាប្រធានអាជ្ញាធរអប្សរា សម្តេចវិបុលបញ្ញាបានខិតខំពង្រឹងសមត្ថភាពស្ថាប័ន និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ បណ្តាប្រទេសជាសមាជិក និងបណ្តាស្ថាប័នអន្តរជាតិនានា តាមរយៈគណៈកម្មាធិការអន្តរជាតិសម្របសម្រួល ដើម្បីកិច្ចគាំពារនិងអភិវឌ្ឍរមណីដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor)។

តាមរយៈយន្តការ អាយស៊ីស៊ីអង្គរ (ICC-Angkor) នេះ និងភាពប៉ិនប្រសប់របស់សម្តេចវិបុលបញ្ញា មានស្ថាប័នអន្តរជាតិ និងតំណាងរដ្ឋាភិបាល ប្រទេសជាសមាជិកនានា បានអនុវត្តគម្រោងស្តារ ជួលជុស និងអភិរក្សប្រសាទក្នុងនិងក្រៅឧទ្យានអង្គរ។ អាយស៊ីស៊ីអង្គរ (ICC-Angkor) បានកៀគរថវិកានិងជំនួយបច្ចេកទេសសម្រាប់កិច្ចអភិរក្ស និងអភិវឌ្ឍឧទ្យានអង្គរពីស្ថាប័នអន្តរជាតិនានានិងពីបណ្តាប្រទេសសមាជិកអាយស៊ីស៊ីអង្គរ ចំនួន១៩ប្រទេស ដោយអនុវត្តគម្រោងប្រមាណជាង៦០គម្រោង សរុបថវិកាប្រមាណជាង៥០០លានដុល្លារ។

ដោយយកគំរូតាមអាយស៊ីស៊ីអង្គរ (ICC-Angkor) នៅឆ្នាំ២០១៤ សម្តេចវិបុលបញ្ញា សុខ អាន បានផ្តួចផ្តើមបង្កើតគណៈកម្មាធិការសម្របសម្រួល អន្តរជាតិ សម្រាប់កិច្ចការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC- Preah Vihear) ក្រោមកិច្ចសហកាជាមួយអង្គការយូណេស្កូ ដែលមានមហាមិត្តចិន និងមហាមិត្តឥណ្ឌា ជាសហប្រធាន។ ក្នុងដំណើរការការពារ អភិរក្ស និងអភិវឌ្ឍរមណីដ្ឋាននេះ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំអនុវត្តគម្រោងសំខាន់ៗមួយចំនួន ដើម្បីចូលរួមប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ តាមរយៈការរៀបចំ ភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ សារមន្ទីសាកលធម្មជាតិសម្តេចតេជោ សែន ព្រះវិហារ និងគម្រោងអភិវឌ្ឍនៅក្នុងតំបន់រមណីដ្ឋានប្រសាទព្រះវិហារ សរុបចំនួន៣៦គម្រោង។

យន្តការទាំងពីរ អាយស៊ីស៊ីអង្គរ (ICC-Angkor) និងអាយស៊ីស៊ីព្រះវិហារ (ICC- Preah Vihear) កំពុងបានក្លាយជាគំរូ សម្រាប់អន្តរជាតិយកមកអនុវត្ត ក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍសម្បត្តិបេតិកភណ្ឌមនុស្សជាតិ។

នៅក្នុងពិធីនោះផងដែរ ក៏មានចែកជូនសៀវភៅកម្រងជីវិត របស់សម្តេចវិបុលបញ្ញា សុខ អាន ដែលមានរៀបរាប់ពីដំណើរជីវិតរបស់សម្តេច ចាប់ផ្តើមពីបឋមវ័យ ការកសាងជីវិតឡើងវិញក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ការចូលរួមចំណែកកសាងសន្តិភាពនិងបង្រួបបង្រួមជាតិ រហូតបានក្លាយជាឥស្សជនជាន់ខ្ពស់នៃកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។

តាមកម្មវិធី នៅថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៦ព្រឹកស្អែក នឹងមានរៀបចំពិធីដង្ហែអដ្ឋិធាតុ សម្តេចវិបុលបញ្ញា ដើម្បីតម្កល់ក្នុងប្រាង្គចេតិយ ស្ថិតនៅក្នុងវត្តសារ៉ាវ័នតេជោ រាជធានីភ្នំពេញ៕