(ភ្នំពេញ)៖ លោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំកម្លាំងចលនាអនុវត្តបញ្ជ្រៀបការយល់ដឹង អំពីការសម្អាតទន្លេ សម្អាតអនាម័យបរិស្ថាន ដើម្បីទីក្រុងស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នា ក្នុងការអបអរសាទរ ពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»

ការអបអរសាទរ ពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» ដើម្បីសម្អាតទន្លេ សម្អាតអនាម័យបរិស្ថាន ដែលដឹកនាំដោយអភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរៀបចំអនុវត្តឡើងដោយកម្លាំងចូលរួមជាង ២០០នាក់ ស្ថិតនៅសួនប្រជាធិបតេយ្យ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

ពិធីនេះដែរ បានរៀបចំឡើងដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីអស់លោក-លោកស្រី អភិបាលរងខណ្ឌ, គណៈនាយក, ប្រធាន-អនុប្រធាន-មន្ត្រីនៃការិយាល័យចំណុះឲ្យរដ្ឋបាលខណ្ឌ, កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សមាជិក, សមាជិកាសមាគនារី, ក្រុមយុវជន ស.ស.យ.ក, ក្រុមយុវជន អ.ម.ត និង អាជ្ញាធរភូមិ-សង្កាត់ ផងដែរ។

សូមជម្រាបថា ទឹកទន្លេ ជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាល និងពូនជ្រុំនូវប្បធម៌ និងអរិយធម៌។ តាំងពីបុរាណកាលមក មនុស្សជាតិរស់នៅតាមបណ្តោយទន្លេ បន្តពូជពង្ស និងរស់នៅដោយបណ្តុំគ្នាពីមួយជំនាន់ទៅមួយជំនាន់។

ទន្លេជាអំណោយពីធម្មជាតិ ដែលជាទីបង្អែកសម្រាប់ការរស់នៅរបស់មនុស្ស និងជាចំណងធម្មជាតិនៃការជួយយកអាសាគ្នា។ ទន្លេបានផ្សារភ្ជាប់ប្រទេសនានា ដែលហូបទឹកនៃទន្លេតែមួយឱ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្នាដោយស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ។

ដោយមើលឃើញពីគុណតម្លៃរបស់ទន្លេបែបនេះហើយ ទើបនាំឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីបុណ្យទន្លេឡើង។ ពិធីបុណ្យទន្លេបានធ្វើឡើងចំនួន៥ឆ្នាំរួចមកហើយ នៅតាមបណ្តាខេត្តជាប់តាមដងទន្លេ និងខេត្តនៅជុំវិញបឹងទន្លេសាប។ ព្រឹត្តិការណ៍នេះ បានក្លាយទៅជាព្រឹត្តិការណ៍មួយដ៏អធិកអធមក្នុងការជួបជុំ ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ផលិតផល និងផ្ញើសារទៅកាន់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាបរិស្ថាន នៅតាមដងទន្លេ ថែរក្សាជីវៈចម្រុះនៅតាមទន្លេផងដែរ។

ដើម្បីរំលឹកដល់គុណតម្លៃនៃសុខសន្តិភាព ដែលជំរុញទៅដល់ការរុងរឿង និងរីកចម្រើននេះ ពិធីបុណ្យទន្លេនៅឆ្នាំ២០២០ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»