(ព្រះវិហារ)៖ សាលារៀនអនុវិទ្យាល័យភ្នំឆ័ត្រសែនជ័យ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងការបាក់រលំទាំងស្រុង ដោយខ្យល់កន្ត្រាក់ ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ ណែនាំឲ្យសាងសង់ឡើងវិញ ដើម្បីផ្ដល់ឱកាសឲ្យសិស្សានុសិស្សឆាប់បានចូលរៀនសូត្រ។

ការណែនាំពន្លឿនការសាងសង់អនុវិទ្យាល័យភ្នំឆ័ត្រសែនជ័យនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រោមការដឹកនាំចុះពិនិត្យផ្ទាល់ ពីសំណាក់លោក គោ ស៊ុប៊ុនសឿត អភិបាលខេត្តព្រះវិហារស្តីទី តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងមានការចូលរួមពី មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣, មេបញ្ជការកងពលតូចអន្តរាគមន៍លេខ៧, មេបញ្ជការកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងអាជ្ញាធរស្រុកជាំក្សាន្ត លោកគ្រូ អ្នកគ្រូសិស្សានុសិស្សជាច្រើនរូបទៀត។

លោក គោ ស៊ុប៊ុនសឿត បានថ្លែងថា បន្ទាប់ពីបានចុះពិនិត្យមើលជាក់ស្តែងរួចមក ក្រុមការងារ បានប្រជុំឯកភាពគ្នាថា នឹងសាងសង់សាលារៀននេះឡើងវិញ ទៅតាមទម្រង់ដើម គឺធ្វើអំពីឈើប្រក់ស័ង្កសី និងចាក់សាបទំហំ៨ គុណ២៤ម៉ែត្រ មាន៣បន្ទប់ និងទីចាត់ការមួយខ្នងទៀតផងដែរ។ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការដែលយើងសម្រេចសាងសង់តាមទម្រង់ដើមវិញ ដោយសារឈើមួយចំនួនរបស់សាលា ដែលបាក់រលំ គឺនៅអាចប្រើការបានខ្លះ។

ជំនួសមុខឲ្យអភិបាលខេត្ត លោក គោ ស៊ុប៊ុនសឿត ក៏បានថ្លែងនូវការអរគុណដល់លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជការកងពលតូចអន្តរាគមន៍លេខ៧ ដែលជំហរក្នុងការសាងសង់សាលារៀននេះឡើងវិញ ហើយសូមអរគុណដល់រដ្ឋបាលព្រៃឈើ ដែលបានជួយផ្តល់ឈើខ្លះ ចំណែកអាជ្ញាធរខេត្ត និងជួយស៉ីម៉ង់តិ៍សម្រាប់ចាក់សាបផងដែរ។

សូមបញ្ជាក់ថា សាលារៀនអនុវិទ្យាល័យភ្នំឆ័ត្រសែនជ័យ បានរងការរលំបាក់ស្រុតទាំងស្រុង ដោយខ្យល់កន្ត្រាក់ កាលពីរសៀលទី១៣ ខែមីនា ឆ្នាំ២០២០នេះ ប៉ុន្តែហេតុការណ៍នេះ មិនបណ្តាលឲ្យសិស្សានុសិស្សណាម្នាក់រងរបួសនោះទេ៕