(ភ្នំពេញ)៖ លោក ហួត ហាក់ សមាជិកគណ:កម្មាធិការកណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០១៩ និងកំណត់ទិសដៅការងារឆ្នាំ២០២០ ដែលមានអ្នកចូលរួមប្រមាណជាង២០០នាក់។

គួររំលឹកដែរថា ចាប់តាំងពីមានការផ្តួចផ្តើមនិងការណែនាំចង្អុលទិសរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណ:អចិន្ត្រៃយ៏ គណ:កម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារអង្គការចាត់តាំងយុវជននៅក្រៅប្រទេសមក ក្រុមការងារយុវជនប្រចាំទ្វីបអឺរ៉ុប បានចងក្រងរៀបចំជាក្រុមសេនាធិការ និងរចនាសម្ព័ន្ធ មួយចំនួននៅតាមបណ្តាប្រទេស និងតំបន់ក្នុងទ្វីបអឺរ៉ុប រួមមាន៖ ប្រទេសបារាំងដែលមានចែកជា៨តំបន់ ប្រទេសស៊្វីស ប្រទេសអង់គ្លេស ប្រទេសប៊ែលហ៊្សីក ប្រទេសហូឡង់ ប្រទេសអាល្លឺម៉ង់ ប្រទេសអូទ្រីស ឆេកូ ហុងគ្រី ប៊ុលហ្ការី និងមានរៀបចំបន្ថែមដោយក្រុមការងារចល័ត ក្រុមការងារសម្របសម្រួលទំនាក់ទំនង បដិសណ្ឋារកិច្ច និងក្រុមការងាររដ្ឋបាល ដែលមានសមាជិកសកម្មទាំងអស់ចំនួន៣០៩នាក់ នៅក្នុងនោះមានស្រី១៨នាក់។

ការចាំបាច់ដែលត្រូវបង្កើតឲ្យមានជារចនាសម្ព័ន្ធសំខាន់បែបនេះ ដើម្បីឆ្លើយតបនឹងចំនួនប្រជាជនខ្មែរយើងដែលរស់នៅក្នុងទ្វីបអឺរ៉ុបសព្វថ្ងៃជិត៤០ម៉ឺននាក់ ដែលមាននៅប្រទេសបារាំងជាង៣៥ម៉ឹននាក់។ ទិសដៅធំចម្បង និងភារកិច្ចចំពោះមុខរបស់ក្រុមការងារយុវជននៅទ្វីបអឺរ៉ុបគឺធ្វើឲ្យខាងតែបាននូវការបន្តកសាងពង្រឹង និងពង្រីកអង្គការចាត់តាំងគណបក្សនៅក្រៅប្រទេស ដើម្បីជម្រុញសកម្មភាពចូលរួមចំណែកពន្យល់បកស្រាយអំពីសភាពការណ៏ពិតនៅកម្ពុជា នៅក្រៅប្រទេសក្នុងគោលបំណងពង្រឹងនិងពង្រីកមិត្តភាព ភារតភាព សាមគ្គីភាព ឯកភាពជាតិខ្មែរ និងដើម្បីទប់ស្កាត់បាននូវសកម្មភាពបោកប្រាស ញុះញង់ របស់ពួកប្រឆាំង កុំឲ្យពួកគេបន្តធ្វើចលនាញុះញង់បំបែកបំបាក់ខ្មែរតទៅទៀត៕