(ព្រះវិហារ)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃវរសេនាតូចលេខ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ ប្រចាំសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ បានចេញមកធ្វើការបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយមួយចំនួន ដែលចោទប្រកាន់ថា ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជការកងពលតូចអន្តរាគមន៍លេខ៨ យកដីរបបកសិកម្មគ្រួសារកងទ័ព ស្ថិតនៅភូមិឈើទាលគង ឃុំស្រអែម ស្រុកជាំក្សាន្ត លក់អស់ជាង១,០០០ហិកតា។

ដើម្បីបញ្ជាក់ជូនថ្នាក់ដឹកនាំ ក៏ដូចជាសាធារណជនឲ្យបានជ្រាបច្បាស់នោះ លោកវរសេនីយ៍ឯក សៀ រឿន មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៨ រួមជាមួយនាយទាហាន នាយទាហានរងជាច្រើនរូប ចំណុះវរសេនាតូលេខ៣៨៥ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានចុះទៅពិនិត្យមើលដល់ទីតាំងដីផ្ទាល់ នៅចំណុចភូមិឈើទាលគង ត្រង់កន្លែងគ្រឿងចក្រកំពុងសម្អាតព្រៃ ដើម្បីធ្វើការការដាំដុះលើផ្ទៃដីដែលមានប្រមាណ១០ហិកតាប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក សៀ រឿន បានរៀបរាប់ពីប្រវត្តិដីនេះថា ដីនេះគឺរូបលោកបានស្នើសុំទៅថ្នាក់លើជាបន្តបន្ទាប់ តាំងពីឆ្នាំ២០០៧ ដើម្បីទុកបែងចែកជូន គ្រួសារកងទ័ពតាមអនុសាសន៍ណែនាំពី នាយឧត្តមសេនីយ៍ គន់ គីម កាលនោះលោកកាន់តំណែងជា អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។ លុះឆ្នាំ២០១៥ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានឲ្យក្រុមការងារដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋ១២៥គ្រួសារ ស្មើនឹង៨១ក្បាលដី លើផ្ទៃដី១៧១,៦៤៧ហិកតា។

លោកបញ្ជាក់ទៀតថា ទោះបីក្រុមការងារបានធ្វើការដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋហើយក៏ដោយ ក៏ប្រជាជននៅតែមកទន្ទ្រានយកទៀត និយាយរួមដីដែលបានស្នើសុំទុកចែកជូនគ្រួសារកងទ័ពនោះ គឺមានតែនៅក្នុងក្រដាសប៉ុណ្ណោះ ដោយសារប្រជាជនមកទន្ទ្រានយកស្ទើរទាំងស្រុង។ ដូច្នេះការផ្សព្វផ្សាយថា មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ យកដីនេះទៅលក់ គឺមិនមែនជាការពិតនោះទេ ហើយចំពោះដីដែលគ្រឿងចក្រកំពុងសម្អាតព្រៃ រាល់ថ្ងៃមានប្រហែល១០ហិកតាប៉ុណ្ណោះ មិនមែនជាង១,០០០ហិកតាឡើយ។

លោក សៀ រឿន បានគូសបញ្ជាក់ទៀតថា ករណីប្រជាជនចូលមកទន្ទ្រានយកដី គឺកាន់សុទ្ធតែកាំបិត ពូថៅ។ លោកថាយើងមិនតបតជាមួយប្រជាជនទេ ដោយយល់កងទ័ពជាកូនចៅប្រជាជនយើង ដូច្នេះដាច់ខាតមិនទៅធ្វើសង្គ្រាមជាមួយប្រជាជនទេ គឺត្រូវដោះស្រាយដោយសន្តិវិធីជាមួយប្រជាជន។

លោកមេបញ្ជាការរង បានបញ្ជាក់ទៀតថា ទាក់ទងនឹងការចុះផ្សាយថា លោករិះគន់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នោះក៏មិនពិតទេ ពោលសម្រាប់លោក ក្នុងនាមជាកងទ័ព មិនធ្វើអ្វីឲ្យខុសបទបញ្ជាឡើយ ដោយលោកធ្វើការប្រៀបធៀបថាថ្នាក់លើ គឺជាឪពុក ម្តាយ ដូច្នេះកូនណាហ៊ានប្រមាថ ទៅលើឪពុក ម្តាយនោះ។ លោកថា កុំឲ្យការលាបព័ណ៌ ធ្វើឲ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់លើ និងថ្នាក់ក្រោម ថ្នាក់ក្រោម និងថ្នាក់លើធ្វើឲ្យច្របូកច្របល់ ក្នុងការគ្រប់គ្រង និងការងារថែរក្សាបូរណភាពទឹកដី។

ដោយឡែក លោកវរសេនីយ៍ឯក សាំង ហ៉ឹម មេបញ្ជាការវរសេនាតូចលេខ៣៨៥ បានថ្លែងដោយធ្វើការបដិសេធថា ថ្នាក់ដឹកនាំកងពលតូចអន្តរាគមន៍លេខ៨ របស់លោកមិនមានដីរាប់ពាន់ហិកតាលក់ ដូចការចុះផ្សាយរបស់ព័ត៌មាននោះទេ។

លោកថា ក្រោយពីប្រជាជនទន្ទ្រានយក លោកបានដឹកនាំកម្លាំងចុះមកស្រាវជ្រាវ ពេលនោះរកឃើញដីដែលនៅសល់តែជាង១០០ហិកតាប៉ុណ្ណោះ។ ដោយសារដីនៅចំនួនតិចពេក លោកក៏បានធ្វើការបែងចែក ទៅតាមអង្គភាពឲ្យគ្រប់គ្រង តែហូតមកដល់ពេលនេះ ក៏សឹងតែប្រជាជនយកអស់ដែរ ដែលករណីនេះ លោកសូមអំពាវនាវឲ្យអជ្ញាធរខេត្ត ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធជួយចុះដោះស្រាយជូនអង្គភាពផង៕