(ភ្នំពេញ)៖ បច្ចុប្បន្នតម្រូវការផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រជាជនបានកើនឡើងជាលំដាប់ ដើម្បីឱ្យសមស្របជាមួយនឹងបរិបទក្នុងការរស់នៅ និងការវិវឌ្ឍន៍នៃសង្គម ។ ទន្ទឹមនឹងនេះផងដែរ ដើម្បីបំពេញតម្រូវការរបស់ខ្លួន បុគ្គលមួយចំនួនតូចបានប្រើប្រាស់មធ្យោបាយទុច្ចរិតផ្សេងៗដើម្បីបង្កើតចំណូលខុសច្បាប់ តាមរយៈការជួញដូរគ្រឿងញៀនជាដើម ហើយព្យាយាមបិទបាំងប្រភពនៃចំនូលនោះដោយ «ការសម្អាតប្រាក់»។ ការសម្អាតប្រាក់ បានក្លាយជាមធ្យោបាយដ៏គួរឱ្យកត់សម្គាល់មួយ ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាច្រើន ជុំវិញពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ។

ដោយហេតុនេះហើយ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងបទល្មើសខាងលើនេះ «ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» រួមជាមួយនឹងបទប្បញ្ញត្តិពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានបង្កើតឡើងក្នុងគោលបំណងដាក់ចេញនូវវិធានការដើម្បីប្រឆាំងការសម្អាតប្រាក់ ព្រមទាំងការរៀបចំ ចាត់ចែង និងត្រួតពិនិត្យ ការប្រតិបត្តិវិធានការទាំងនោះ។

ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីនិយមន័យនៃការសម្អាតប្រាក់ និងវិធានការក្នុងការគ្រប់គ្រងសកម្ម ភាពទុច្ចរិតនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «វិធានការទប់ស្កាត់ការសម្អាតប្រាក់» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖

យោងតាម «ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧ សកម្មភាពដែលត្រូវបានចាត់ទុកថាជាការសម្អាតប្រាក់រួមមានដូចខាងក្រោម៖

១៖ ការបំប្លែង ឬការផ្ទេរទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិនោះជាផលនៃបទល្មើស ក្នុងគោលបំណងបិទបាំង ឬក្លែងប្រភពដើមមិនស្របច្បាប់នៃទ្រព្យសម្បត្តិទាំងនោះ ឬជួយបុគ្គលណាដែលពាក់ព័ន្ធក្នុងបទល្មើស ដើម្បីឱ្យបុគ្គលនោះគេចផុតពីផលលំបាកតាមផ្លូវច្បាប់នូវសកម្មភាពរបស់ខ្លួន។
២៖ ការបិទបាំង ឬក្លែងសភាវៈពិត ប្រភព ទីតាំង សិទ្ធិចាត់ចែង ចលនា កម្មសិទ្ធិ ឬសិទ្ធិ លើទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិនោះបានមកពីបទល្មើស។
៣៖ ការធ្វើលទ្ធកម្ម ការកាន់កាប់ ឬការប្រើប្រាស់ទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិនោះបានមកពីបទល្មើស។

ជាឧទាហរណ៍នៅក្នុងសង្គមជាក់ស្ដែង យើងសង្កេតឃើញថាបុគ្គលមួយចំនួនបាន បិទបាំងទ្រព្យសម្បត្តិខុសច្បាប់របស់ខ្លួន តាមរយៈការវិនិយោគលើវិស័យអចលនទ្រព្យ ការដាក់បញ្ញើនៅធនាគារ ការបង្កើតអាជីវកម្មប្ដូរប្រាក់ ឬផ្ទេរប្រាក់ ការបណ្ដាក់ទុនលើវិស័យមូលប័ត្រ ការប្រើប្រាស់តាមគ្រឹះស្ថានល្បែងស៊ីសងផ្សេងៗ និងការធ្វើសកម្មភាពអាជីវកម្មដែលពាក់ព័ន្ធនឹងអង្គការមូលនិធិជាដើម។

ដើម្បីជាវិធានការទប់ស្កាត់ ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានកំណត់កាតព្វកិច្ចឱ្យគ្រឹះស្ថានពាក់ព័ន្ធ ដែលមានដូចជាធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ មីក្រូហិរញ្ញវត្ថុ ភ្នាក់ងារអចលនទ្រព្យ ការិយាល័យប្រៃសណីយ៍ កាស៊ីណូ អង្គការមូលនិធិ និងបុគ្គលវិជ្ជាជីវៈមួយចំនួនទៀត អនុវត្តមធ្យោបាយទប់ស្កាត់ និងធ្វើការរាយការណ៍តាមការណែនាំ របស់អង្គការស៊ើបការណ៍ហិរញ្ញវត្ថុ។

កាតព្វកិច្ចដែលគ្រឹះស្ថានពាក់ព័ន្ធ(បុគ្គលរាយការណ៍)ទាំងនោះត្រូវអនុវត្តរួមមាន កត់សម្គាល់រាល់ប្រតិបត្តិការសាច់ប្រាក់ណាដែលមានទំហំច្រើន (សាច់ប្រាក់ដែលមានទឹកប្រាក់លើសពី ៤០.០០០.០០០៛) ហាមឃាត់គណនីធនាគារណាដែលគ្មានអត្តសញ្ញាណច្បាស់លាស់ យកចិត្តទុកដាក់ស្គាល់ពីអត្តសញ្ញាណរបស់អតិថិជន និងបុគ្គលិក ធ្វើការតាមដានត្រួតពិនិត្យពិសេសលើប្រតិបត្តិការ ឬអតិថិជនណាមួយដែលខ្លួនសង្ស័យថាអាចពាក់ព័ន្ធនឹងការសម្អាតប្រាក់ជាដើម។

ក្រោយពេលដែលបានទទួលព័ត៌មានមិនប្រក្រតី ឬគួរឱ្យសង្ស័យណាមួយ បុគ្គលរាយការណ៍ត្រូវធ្វើរបាយការណ៍បញ្ជូនទៅអង្គការស៊ើបការណ៍ហិរញ្ញវត្ថុ ដើម្បីធ្វើការតាមដាន និងចាត់វិធានការបន្ត ។ យ៉ាងណាមិញ បុគ្គលរាយការណ៍ក៏ត្រូវរក្សារាល់ព័ត៌មានពាក់ព័ន្ធទាំងឡាយជាការសម្ងាត់ផងដែរ។

ដើម្បីធានាថា បុគ្គលដែលមានកាតព្វកិច្ចត្រូវរាយការណ៍នឹងអនុវត្តកាតព្វកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ច្បាប់ខាងលើបានកំណត់ទោសពិន័យសម្រាប់ជនដែលមិនអនុវត្តកាតព្វកិច្ចដូចជា ធ្វើការព្រមាន ការស្ដីបន្ទោស ការដកហូតអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ការហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការណាមួយ ការពិន័យជាប្រាក់ និងរហូតអាចឈានដល់ការដាក់ពន្ធនាគារផងដែរ។

ទន្ទឹមនឹងនេះផងដែរ បុគ្គលដែលទទួលរងការចោទប្រកាន់ថាប្រព្រឹត្តបទល្មើសសម្អាតប្រាក់ នឹងត្រូវបានគេឃាត់ទុកនូវទ្រព្យដែលពាក់ព័ន្ធ ឬសង្ស័យថាពាក់ព័ន្ធនឹងបទល្មើស ដោយមិនឱ្យមានចលនាផ្ទេរប្ដូរ រហូតដល់មានការសម្រេចជាស្ថាពរពីតុលាការ។

សរុបមកវិញ បុគ្គលរាយការណ៍ និងស្ថាប័នពាក់ព័ន្ធទាំងឡាយគួរគប្បីអនុវត្តនូវរាល់កាតព្វកិច្ច និងតួនាទីរបស់ខ្លួនតាមច្បាប់កំណត់ឱ្យបានត្រឹមត្រូវ ដើម្បីចៀងវាងនូវការទទួលរងពិន័យ ក៏ដូចជារួមគ្នាទប់ស្កាត់នូវ “ការសម្អាតប្រាក់” ដែលជាសកម្មភាពខុសច្បាប់ក្នុងសង្គមផងដែរ។

រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕