(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ បង្ហាញនូវមោទនភាព នៃការនាំចេញផលិតផលធ្វើដំណើររបស់កម្ពុជា ទៅពិភពលោកមានចំនួនលើស១.២ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ដោយចាប់ផ្តើមពីកម្រិតទាបខ្លាំងតែប្រហែល៥០លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០១៦។

GMAC បញ្ជាក់ថា សហរដ្ឋអាមេរិកជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា សម្រាប់ផលិតផលនេះ ដែលមានចំនួនប្រហែល៨០%នៃការនាំចេញសរុប។ កំណើននៃការនាំចេញដ៏សម្បើមនេះ គឺដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ក្នុងការដាក់ញត្តិបញ្ចុះបញ្ចូល ទៅសភាសហរដ្ឋអាមេរិក ដែលនាំឲ្យមានការពិនិត្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់អាមេរិកក្នុងឆ្នាំ២០១៦ ហើយអាមេរិកបានរួមបញ្ចូលមុខទំនិញ ផលិតផលធ្វើដំណើរនៅក្នុងបញ្ជីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP)។

ជាមួយភាពជោគជ័យនៃការនាំចេញនេះ សមាគមក៏បានសូមថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម ចំពោះការដឹកនាំ និងការគាំទ្ររបស់លោក ក្នុងការធ្វើឲ្យញត្តិនោះទទួលបានជោគជ័យ និងសូមថ្លែងអំណរគុណដល់អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអតីតឯកអគ្គរដ្ឋទូតអាមេរិក ចំពោះការគាំទ្រក្នុងការជួយជំរុញបន្ថែម ឲ្យមានការវិនិយោគដោយផ្ទាល់ពីបរទេស ដោយចូលរួមដំណើរទស្សនកិច្ចជំរុញការវិនិយោគ ទៅទីក្រុងហុងកុង ក្នុងឆ្នាំ២០១៦៕