(កំពង់ធំ)៖ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្វពីធីបើកសន្និបាទប្រចាំឆ្នាំ ដើម្បី បូកសរុបលទ្ធផលការងារដែលអង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអនុវត្តក្នុងឆ្នាំ ២០១៩កន្លងមក និងដើម្បីដាក់ចេញនូវផែនការគោលដៅ អនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២០ នៅព្រឹកទី១៦ ខែមីនា ឆ្នាំ២០២០។

ពិធីសន្និបាត ដែលបានប្ររព្វឡើងក្នុងពេលព្រឹកនេះ ស្ថិតក្រោមអធិបតីលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ រួមទាំងមេបញ្ជាការង នាយទាហាន អង្គភាព ការិយាល័យ ក្រុងស្រុក និងវរសេនាតូចទាំង២ ចំនុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាង២០០នាក់។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ពីលទ្ធផលការងារដែលបានអនុវត្តសម្រេចបាន ក្រោមការងារចង្អុលបង្ហាញរបស់មេបញ្ជាការយោធភូមិភាគទី៤ និងមានការណែនាំយ៉ាងយកចិត្ត ទុកដាក់ ពីសំណាក់លោក សុខ លូ ក្នុងនោះមានការងារហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងបានធ្វើយុទ្ធដំណើរផ្លូវ ៣២ គ.ម, ការងារត្រៀមបំបាក់ចលនាឧទ្ទាមដែលប៉ុនប៉ង ៩ វិច្ឆិកា ធ្វើជាថ្ងៃរដ្ឋប្រហារផ្តួល ដែលមានសម្តេចតេជោ ហ៊ុន សែន, ពិធីសម្ពោធអគារចំនួន១០ អំណោយរបស់ភាគី មិត្តវៀតណាម ទីក្រុងហូជីមិញ ដែលមានតម្លៃ ៤៣៥,០០០ដុល្លារ និងថវិកា ៥៣,៩០០ដុល្លារ ទៀតសម្រាប់កសាងអាគារមេបញ្ជាការថ្មីមួយទៀត និងផ្តល់ថ្នាំពេទ្យដោយឥតគិត អតីតយុទ្ធជន និងប្រជាពលរដ្ឋចំណែកអដ្ឋិធាតុកងកម្លាំងសហការ បានជីករុករកឃើញចំនួន ១,១២២អដ្ឋិធាតុ និងបានប្រគល់ត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។

លោក សុខ លូ បានសុំឲ្យបណ្តាអង្គភាពស្រុកក្រុង មើលកូនចៅខ្លួនឯងឲ្យល្អ និងហាមដាច់ខាតមិនឲ្យអង្គភាពយោធា ទៅបំរើការងារនៅជាមួយក្រុមហ៊ុនណានោះទេសូមចាត់ទុក្ខលំបាករបស់ ប្រជារាស្រ្ត ជាទុក្ខលំបាករបស់យើងរាល់គ្នា មន្រ្តីរបស់យើង។

លោក ពៅ ហេង បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង យ៉ាងយកចិត្តទុកដាក់របស់លោក សោម ស៊ុន ក្នុងការដឹកនាំអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យទទួលបានការរីកចម្រើន ទាំងវិស័យ យោធា និងការងារកសាងបន្ទាយអង្គភាព ធ្វើឲ្យមានការលេចធ្លោនូវស្នារដៃ ជាងខេត្តមួយចំនួន ជាពិសេស ក៏សូមកោតសរសើរចំពោះ កិច្ចសហការ ជាមួយនិងកម្លាំង K72 ក្នុងការជីករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្រ្គាម នៅខេត្តកំពង់ធំ និងសំណូមពរ ឲ្យមានការយកចិត្តទុកដាក់ ខ្ពស់ក្នុងកិច្ចការយោធា គ្រប់គ្រងឲ្យបានល្អ នូវអាវុធគ្រាប់ និងចូលរួមការងារសង្គមក្នុងការជួយដល់ប្រជាពលរដ្ឋ៕