(ឧត្តរមានជ័យ)៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានចុះពិនិត្យលទ្ធផល និងប្រតិបត្តិការ បោសសម្អាតមីនរបស់អង្គការ HALO Trust ក្រោមជំនួយរបស់ប្រទេសអាល្លឺម៉ង់ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

លោក Christian Berger បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន លើគ្រប់វិស័យដូចសព្វថ្ងៃនេះ ក្នុងនោះ ការសម្រេចបាននូវសមិទ្ធផល នៃការងារបោសសម្អាតមីននៅកម្ពុជានាពេលកន្លងមក។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានប្តេជ្ញាបន្តជួយដល់កម្ពុជា លើការងារសកម្មភាពមីន រហូតដល់កម្ពុជា សម្រេចបាននូវគោលដៅរបស់ខ្លួន គ្មានមីនឆ្នាំ២០២៥។ ជាមួយគ្នានេះ អាល្លឺម៉ង បានប្រកាសផ្តល់ជំនួយ១.៥លានអ៉ឺរ៉ូ សម្រាប់ឆ្នាំ២០២០ ដល់អង្គការ HALO Trust បន្ថែមលើថវិកា ដែលបានផ្តល់ចំនួន១លានផោន រួចហើយ។

ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង ដែលបានជួយដល់កម្ពុជា ក្នុងនោះ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា នាពេលកន្លងមក និងបច្ចុប្បន្ននេះផងដែរ។

លោកទេសរដ្ឋមន្រ្តី ក៏បានចាត់ទុកអាល្លឺម៉ង់ គឺជាមិត្តដ៏សំខាន់មួយ និងជាដៃគូកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ផងដែរ។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា អាល្លឺម៉ង បានផ្តល់ជំនួយបោសសម្អាតមីនមនុស្សធម៌ នៅកម្ពុជា ដល់អង្គការ HALO Trust ចាប់តាំងពីឆ្នាំ២០១៦ សរុបថវិកាចំនួន ៧,២៥ លានអ៉ឺរ៉ូ ក្នុងនោះ ថវិកាចំនួន ២.៥ លានអ៉ឺរ៉ូ សម្រាប់ការងារសកម្មភាពមីន ក្នុងឆ្នាំ២០២០។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ ក្រោមជំនួយរបស់ប្រទេសអាល្លឺម៉ង់ អង្គការ HALO Trust បានរំដោះផ្ទៃដីប្រមាណ១២ គីឡូម៉ែត្រក្រឡា និងបានរកឃើញ និងបំផ្លាញមីនប្រឆាំងមនុស្ស ៣,៤២១គ្រាប់ មីនប្រឆាំងរថក្រោះ១២៧គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣,៥០៦គ្រាប់ ដោយមានអ្នកទទួលផលជាង១៤ម៉ឺននាក់។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រតិបត្តិករដោះមីនទាំងអស់ ត្រូវជឿទុកចិត្តលើវិធានការនានា របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាល ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ដោយត្រូវថែរក្សាអនាម័យដៃ ខ្លួនប្រាណ ចំណីអាហារ និង បរិស្ថានជុំវិញខ្លួនឲ្យបានជាប់ជាប្រចាំ។

មុននឹងចាប់ផ្ដើមទស្សនកិច្ចចម្ការមីន នៅខេត្តឧត្តរមានជ័យ លោកទេសរដ្ឋមន្រ្តី លី ធុជ និងលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ងប្រចាំនៅកម្ពុជា បានចុះពិនិត្យការងារប្រតិបត្តិការ សកម្មភាពមីនរបស់អង្គការ HALO Trust នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១ រហូតដល់បច្ចុប្បន្ន នៅទីស្នាក់ការអង្គការ HALO Trust ខេត្តសៀមរាប៕