(ភ្នំពេញ)៖ គណ:កម្មការមូលបត្រកម្ពុជា បានផ្ដល់ជូនអាជ្ញាប័ណ្ណថ្មីមួយទៀត គឺអាជ្ញាប័ណ្ណ «ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សងឯកតាមូលនិធិ» បន្ថែមលើអាជ្ញាបណ្ណ«ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ» ដល់ក្រុមហ៊ុន CEO Master Club Investment Plc នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ។

ក្រុមហ៊ុន CEO Master Club ជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិស្របច្បាប់ នឹងត្រូវធ្វើការសហការជាមួយអ្នកពាក់ព័ន្ធជាច្រើន ជាពិសេសជាមួយសហគ្រិន ឬសហគ្រាសដែលត្រូវការទុនវិនិយោគ ដើម្បីពង្រីកអាជីវកម្ម និងប្រាក់ចំណេញរបស់ខ្លូនឱ្យបានកាន់តែច្រើន និងឆាប់រហ័ស។

គណៈកម្មការមូលបត្រកម្ពុជា ក៏បានអនុម័តផ្តល់ជូនអាជ្ញាប័ណ្ណ ពិសេសថ្មីមួយបន្ថែមទៀត ដល់ក្រុមហ៊ុន CEO Master Club ឱ្យមានសិទ្ធិស្រប់ច្បាប់ក្នុងការបំពេញសេវាបន្ថែមជា ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សងឯកតាមូលនិធិ (Distributor) ដែលក្រុមហ៊ុនមានសិទ្ធិ ក្នុងការសហការជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងទៀត ដើម្បីកៀរគរទុនវិនិយោគពីសាធារណៈ និងបង្កើតផលប្រយោជន៍ប្រាក់ចំណេញ ដល់អ្នកវិនិយោគសាធារណៈប្រកបដោយវិជ្ជាជីវៈ ទំនុកចិត្ត និងតម្លាភាពខ្ពស់បំផុត។

លោក អោម សេងបូរ៉ា ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន CEO Master Club Investment Plc បានសម្តែងក្ដីរីករាយ ដល់ក្រុមការងារគណៈកម្មការមូលបត្រកម្ពុជា ដែលបានផ្តល់ទំនុកចិត្តខ្ពស់ ដល់ក្រុមហ៊ុន CEO Master Club ដោយផ្តល់អាជ្ញាប័ណ្ណ២ផ្ទួនៗគ្នា ហើយក្រុមហ៊ុនក៏បានត្រៀមលក្ខណៈ ក្នុងការការសហការ ជាមួយសហគ្រិនដែលត្រូវការទុនវិនិយោគ ដើម្បីពង្រីកអាជីវកម្ម និងប្រាក់ចំណេញរបស់ខ្លួនឱ្យបានឆាប់រហ័ស ក៏ដូចជាការសហការជាមួយ អ្នកវិនិយោគសក្តានុពលទាំងឡាយ ដែលចង់ទទួលបានប្រាក់ចំណេញចេញពី ការវិនិយោគរបស់ខ្លួន ដោយមិនចាំបាច់ប្រឈមនឹងការលំបាក ភាពស្មុគស្មាញ ក៏ដូចជាភាពនឿយហត់ក្នុងការដឹកនាំ គ្រប់គ្រងអាជីវកម្មដោយខ្លួនឯងនោះទេ។

លោកបានបញ្ជាក់ថា ភាពរឹងមាំរបស់ក្រុមហ៊ុនវិនិយោគក្នុងស្រុក ដែលមានវិជ្ជាជីវៈច្បាស់លាស់ គឺជាម៉ាស៊ីនជំរុញសេដ្ឋកិច្ចមួយដ៏សំខាន់ និងរឹងមាំសម្រាប់ប្រទេសជាតិ ដោយសារក្រុមហ៊ុនវិនិយោគក្នុងស្រុក អាចបង្កើតប្រាក់ចំណូល ប្រាក់ចំណេញជាច្រើន ដល់អ្នកពាក់ព័ន្ធទាំងអស់ ក៌ដូចជាជំរុញឱ្យមានការបង្កើតផលិតផលសេវាកម្មថ្មីៗ ការបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងការបង់ពន្ធចំណូលជូនរដ្ឋបានកាន់តែច្រើន និងយូរអង្វែងទៀតផង។

សូមបញ្ជាក់ថា CEO Master Club បង្កើតឡើងក្នុងគោលបំណងជួយប្រមូល និងគ្រប់គ្រងមូលធនសម្រាប់វិនិយោគិន និងអ្នកអភិវឌ្ឍហើយជាបុត្រសម្ព័ន្ធជាមួយនឹង CEO Master Club ដែលមានវត្តមានក្នុងវិស័យបណ្ដុះបណ្ដាលជាង១0ឆ្នាំមកហើយ ដែលបានជួយសហគ្រិនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិត ចំនួនប្រមាណ១,២០០នាក់ គិតត្រឹមខែមីនាឆ្នាំ២០២០ ដែលគ្រប់គ្រងអាជីវកម្មប្រមាណជាង ២,០០០ក្រុមហ៊ុនជាមួយនឹងប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារក្នុងមួយឆ្នាំ ហើយបានជួយបង្កើតការងារ ជូនប្រជាពលរដ្ឋកម្ពុជា១០ម៉ឺននាក់៕