(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅព្រឹកទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំរៀបចំកិច្ចប្រជុំ ផែនការត្រៀមទប់ស្កាត់បញ្ហាប្រឈមនានា នៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដែលកិច្ចប្រជុំនេះមានការចូលរួម ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធ និងអភិបាលទាំង២៥រាជធានី-ខេត្តផងដែរ។

យោងតាមបទអន្តរាគមន៍ដែលត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបានឲ្យដឹងថា គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រៀមរៀបចំឲ្យមានមណ្ឌលត្រួតពិនិត្យសុខភាព២កន្លែង គឺនៅព្រំដែន និងនៅថ្នាក់ខេត្ត ដើម្បីតាមដានពលករដែលមកពីប្រទេសថៃ។ ក្នុងនោះការរៀបចំឲ្យមានចត្តាឡីស័ក មាន៤កន្លែងគឺ មណ្ឌលចត្តាឡីស័កព្រំដែន មណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត មណ្ឌលចត្តាឡីស័កថ្នាក់ស្រុក និងការរៀបចំឲ្យមានចត្តាឡីស័កតាមផ្ទះ។

ការតាមដានដំណាក់កាលទី១៖ ពេលពលករមកដល់ច្រកព្រំដែន ត្រូវត្រួតពិនិត្យនៅមណ្ឌលត្រួតពិនិត្យសុខភាពព្រំដែនសិន ហើយបើកំដៅក្រោម៣៨អង្សា ត្រូវបញ្ជូនឲ្យទៅមណ្ឌលត្រួតពិនិត្យសុខភាពថ្នាក់ខេត្ត ដើម្បីតាមដានបន្ត។ ប៉ុន្តែ បើសិនជាមានកំដៅចាប់ពី៣៨អង្សាឡើងទៅ ត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័កព្រំដែន ហើយបើធ្វើតេស្តវិជ្ជមានកូវីដ១៩ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

ការតាមដានដំណាក់កាលទី២៖ ពេលបញ្ជូនពលករទៅមណ្ឌលត្រួតពិនិត្យសុខភាពថ្នាក់ខេត្ត ហើយមិនមានរោគសញ្ញា ត្រូវបញ្ជូនទៅតាមដាននៅមណ្ឌលចត្តាឡីស័កថ្នាក់ស្រុក។ ប៉ុន្តែ បើមានរោគសញ្ញាសង្ស័យ ត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត ហើយបើតេសវិជ្ជមាន ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

ការតាមដានដំណាក់កាលទី៣៖ ពេលបញ្ជូនពលករទៅមណ្ឌលចត្តាឡីស័កថ្នាក់ស្រុក ហើយគ្មានរោគសង្ស័យ ត្រូវអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ។ ប៉ុន្តែ បើសិនជាមានរោគសញ្ញាសង្ស័យ ត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត ហើយបើតេសវិជ្ជមាន ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

ការតាមដានដំណាក់កាលទី៤៖ នេះគឺជាការតាមដានការធ្វើចត្តាឡីស័កតាមផ្ទះ របស់ពលកររៀងៗខ្លួន រហូតបង្ហាញថា គ្មានរោគសញ្ញាសង្ស័យថាឆ្លងកូវីដ១៩៕