(កណ្ដាល)៖ លោក ជាប ដាវុធ ប្រធានចលនាយុវជននៃគណបក្សប្រជាជនកម្ពុជា តាម រយៈលោក នុត វុត្ថា ជាអនុប្រធានចលនាយុវជន​គណបក្សប្រជាជនកម្ពុជា ស្រុកល្វាឯម បានឧបត្ថម្ភទឹកសាប៊ូ សម្រាប់សម្លាប់មេរោគចំនួន៥០ធុង ស្មើនឹង ១,៥០០លីត្រ និងក្រម៉ាចំនួន ១០០ក្រម៉ា ដល់រដ្ឋបាលស្រុកល្វាឯម ក្នុងការប្រើប្រាស់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ (COVID-19) ក្នុងនោះក៏បានឧបត្ថម្ភមួយចំនួនពីសង្កាត់តាខ្មៅ ក្រុងតាខ្មៅផងដែរ។

លោក នុត វុត្ថា បានឱ្យដឹងថា ដោយគោរពតាមសំនូមពររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះជួយយកចិត្តទុកដាក់ដល់មូលដ្ឋានដើម្បីចូលរួមទប់ស្កាត់​ការរីករាលដាលជម្ងឺកូវីដ១៩នេះ លោក និងលោក ជាប ដាវុធ បានខ្នះខ្នែងជួយតាមសទ្ធាខណៈនៅថ្ងៃទី៨ ខែមេសានេះ ក្រុមការងារបាននាំយកទឹកសាប៊ូសម្លាប់មេរោគ មកប្រគល់ជូនរដ្ឋបាលស្រុកល្វាឯម ដើម្បីចាត់ចែងចែកចាយទៅតាមបណ្ដាឃុំទាំងអស់ ឱ្យចែកទៅដល់ដៃប្រជាពលរដ្ឋ និងអប់រំសារជាច្រើន​អំពីការទប់ស្កាត់វីរុស​កូវីដ១៩នេះ ។

លោក នុត វុត្ថា បានបន្តថា ក្រុមការងារនឹងនៅតែបន្តជួយដល់រដ្ឋបាលស្រុកល្វាឯម ព្រមទាំងទីតាំងផ្សេងៗទៀតតាមលទ្ធភាព ធ្វើយ៉ាងណាបំផុសបំផុលពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ ដ្បិតបញ្ហាវីរុសនេះ មិនទាន់មានការរីករាលដាលខ្លាំងនៅកម្ពុជា ហើយពេទ្យខ្មែរបានព្យាបាលជាសះស្បើយច្រើនឡើងៗ ប្រមាណជា៥០%ហើយនោះ ដែលនេះជាសមត្ថភាពដ៏ខ្លាំងរបស់ពេទ្យខ្មែរយើង ដូច្នេះសូមពលរដ្ឋកុំមានការភ័យខ្លាចខ្លាំងពេក កុំជឿព័ត៌មានក្លែងក្លាយ ហើយចូលរួម​ទប់ស្កាត់ទាំងអស់គ្នាតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល។

លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានឱ្យដឹងដែរថា កាយវិការ និងទឹកចិត្តដ៏សប្បុរសបែបនេះ គឺឆ្លុះបញ្ចាំងពីគុណធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក និងត្រូវបានប្រជាពលរដ្ឋទូទាំងស្រុកល្វាឯម ចងចាំនៅក្នុងដួងចិត្តនៃការសាមគ្គីភាពរបស់ខ្មែរយើង ដើម្បីផ្តល់កម្លាំងចិត្ត ថវិកា និងសម្ភារៈ ប្រយុទ្ធទប់ទល់​ទៅនឹងជំងឺកូវីដ១៩ ខណៈដែលប្រជាពលរដ្ឋស្រុកល្វាឯម សូមគោរពថ្លែងអំណរគុណដល់លោកប្រធាន និងអនុប្រធានយ៉ាងជ្រាលជ្រៅ ដែលបានយកចិត្តទុកដាក់​ដល់មូលដ្ឋានមិនគិតការនឿយហត់ឡើយ។

លោកអភិបាលស្រុកបន្តថា លោកនឹងចាត់ចែងតាមបណ្ដាឃុំទាំងអស់ឱ្យចែកចាយដល់ពលរដ្ឋគ្រប់ខ្នងផ្ទះ ហើយបំភុសបំផុលសារអប់រំស្ដី ពីការទប់ស្កាត់វីរុសកូវីដ១៩នេះ ឱ្យបានគ្រប់ច្រកល្ហក។ រដ្ឋបាលស្រុកល្វាឯមបានសម្រេចបាន១០០%ហើយ ក្នុងការចុះផ្សព្វផ្សាយសារអំពីការទប់ស្កាត់វីរុសកូវីដ១៩នេះ ដល់ប្រជាពលរដ្ឋ ហើយនៅ​តែ​បន្តធ្វើជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃណាមួយនឹងបាត់វីរុសកូវីដ១៩នេះអស់ពីកម្ពុជាយើង។

ឆ្លៀតក្នុងឱកាសនេះដែរ ម្ចាស់សិប្បកម្មទឹកកកនៅស្រុកល្វាឯម លោក ឡូវ ម៉េងទី ក៏បានជួយឧបត្តមដល់រដ្ឋបាលស្រុកល្វាឯម នូវថវិកាចំនួន៥០០ដុល្លាអាមេរិច ផងដែរដើម្បីចូលរួមជួយទប់ស្កាត់វីរុសកូវីត១៩នេះ៕