(កណ្តាល)៖ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) រួមសហការគ្នាជាមួយមន្រ្តីខេត្តកណ្តាល បានចាប់ពោះវៀនជ្រូកខូចគុណភាពជាង ៣០តោន ដែលជារបស់លោកឧកញ៉ា ប៊ុត ចាន់ធួ ប្រធានសមាគមផ្គត់ផ្គង់ គ្រឿងបរិភោគនៅកម្ពុជា។ ការចុះចាប់បានធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

យោងតាមន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បានថ្លែងឲ្យដឹងថា បន្ទាប់ពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋអាជ្ញាធរខេត្តកណ្តាល ដែលរួមមានអភិបាលរងខេត្ត មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្រ្តីសាខាគយ និងរដ្ឋាករ មន្រ្តីបសុព្យាបាល អាជ្ញាធរដែនដី និងអធិការស្រុក បានចុះត្រួតពិនិត្យ ផលិតផលពោះវៀនជ្រូក២កុងតឺណឺ ទម្ងន់ជាង៣០តោន ដែលផ្ទុកក្នុងឃ្លាំងគ្មានលេខ ដែលស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បន្ទាប់ពីធ្វើការត្រួតពិនិត្យ ក្រុមអាជ្ញាធរបានយកផលិតផលទាំងនោះទៅពិនិត្យនៅ រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយរកឃើញថា ពោះវៀនជ្រួកទាំងនោះ មិនមានគុណភាព ហើយវានឹងបណ្តាលឲ្យអ្នកបរិភោគប៉ះពាល់ដល់សុខភាព។ ក្រៅពីពោះវៀនជ្រួកទាំងនោះខូចគុណភាព មន្រ្តីក៏បានបញ្ជាក់ទៀតដែរថា ទំនិញទាំងនោះពុំមានឯកសារបញ្ជាក់ ត្រឹមត្រូវ ទៅតាមច្បាប់ ហើយជាងនេះទៅទៀតទំនិញនេះមានសភាពស្អុយ មានការចម្លងមេរោគ ដោយសារការវេចខ្ចប់ និងទុកដាក់ពុំត្រឹមត្រូវតាមគោលការបច្ចេកទេស។

យ៉ាងណាក៏ដោយ សមត្ថកិច្ចចម្រុះបានសម្រេចឃាត់ទុកទំនិញទាំងនេះ ជាបណ្តោះអាសន្ននៅឃ្លាំងខាងលើ ដើម្បីបំពេញបែបបទយកទៅកម្ទេចចោលតាមនីតិវិធី។ ចំណែកម្ចាស់ទំនិញ ត្រូវបាននាំខ្លួនទៅសាកសួរបន្ត នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

សូមបញ្ជាក់ថា ទំនិញទាំងនេះត្រូវបានគេដឹងថា មានម្ចាស់ជាឧកញ៉ាឈ្មោះ ប៊ុត ចាន់ធួ ដែលតាំងខ្លួនជាប្រធានសមាគមអ្នកផ្គត់ផ្គង់ គ្រឿងបរិភោគនៅកម្ពុជា ដែលបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ និងមានឈ្មោះឆាងជាអ្នករត់ការ។ មួយវិញទៀត ប្រជាពលរដ្ឋក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ នាំខ្លួនលោកឧកញ៉ាខាងលើនេះ និងអ្នករត់ការឈ្មោះឆាង យកមកផ្តន្ទាទោសទៅតាមច្បាប់ ផងដែរខណៈបុគ្គលទាំងនេះ គិតតែផលប្រយោជន៍ខ្លួនដោយបានបំផ្លាញសុខភាពរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈអាហារខូចគុណភាពទាំងនោះ។

សាធារណមតិ ថែមទាំងបានសំណូមពរឲក្រសួងកសិកម្មត្រូវតែផ្អាក ឬណែនាំក្រុមហ៊ុននេះ មកទទួលខុសត្រូវចំពោះក្រសួង ដើម្បីកុំឲប្រព្រឹត្តបែបនេះទៀត ដោយបន្លំលិខិតអនុញ្ញាតិ ដែលក្រសួងចេញឲ្យយកធ្វើខុសពីការពិត៕