(ភ្នំពេញ)៖ ចាប់តាំងពីមានការផ្ទុះឡើងជំងឺវីរុស COVID-19 មក ក្រោមការដឹកនាំដ៏រឹងមាំរបស់លោក Xi Jinping អគ្គលេខាធិការបក្ស ដែលជាស្នូលនៃបក្សកុម្មុយនីស្តចិន ប្រទេសចិនបានចាត់វិធានការយ៉ាងគ្រប់ជ្រុងជ្រោយបំផុត តឹងរឹងបំផុតយ៉ាងស៊ីជម្រៅបំផុត ប្រជាជនចិនជាង១៤០០លាននាក់បានរួមសុខទុក្ខជាមួយគ្នាលើក្បូនតែមួយ សាមគ្គីជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីរុសដោយភាពអង់អាច។

ក្រោមការខិតខំរបស់ប្រជាពលរដ្ឋចិន ស្ថានភាពនៃជំងឺវីរុសមានភាពល្អប្រសើរឡើងឥតឈប់ឈរ ហើយស្ថានភាពសន្ទុះសណ្តាប់ធ្នាប់នៃជីវភាពប្រជាពលរដ្ឋ និងការផលិតមានភាពរឹងមាំ និងពង្រីកខ្លួនជាបន្តបន្ទាប់។ នាពេលពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ទីក្រុងអ៊ូហាន់ ប្រទេសចិនត្រូវបានដកបម្រាមធ្វើដំណើរចាកចេញពីទីក្រុង នេះបានបង្ហាញពីកិច្ចការងារប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសចិន ទទួលបានភាពជោគជ័យជាទីគាប់ចិត្ត។

ទន្ទឹមនឹងការខិតខំលើកិច្ចទប់ស្កាត់ដោយខ្លួនឯង ប្រទេសចិនក៏បានចូលរួមរៀបចំសកម្មភាពកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសយ៉ាងសកម្ម បានអនុវត្តកិច្ចទំនួលខុសត្រូវលើឆាកអន្តរជាតិ។ ភាគីចិនបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន២០លានដុល្លារសហរដ្ឋអាមេរិក ជូនដល់អង្គការសុខភាពពិភពលោក បានរៀបចំកិច្ចប្រជុំវីឌីអូជាមួយអ្នកជំនាញដែលមកពីជាង១០០ប្រទេស និងអង្គការអន្តរជាតិលើពិភពលោក បានផ្ដល់ជំនួយជាម៉ាស សម្លៀកបំពាក់ការពារ សារធាតុ Nucleic Acid សម្រាប់តេស្តរកជំងឺវីរុស (Nucleic acid detection reagents) ម៉ាស៊ីនដកដង្ហើមជូនដល់១២០ប្រទេស និងអង្គកាអន្តរជាតិចំនួន៤ ហើយក៏បានចាត់អ្នកជំនាញវេជ្ជសាស្រ្តចិនធ្វើដំណើរទៅកាន់ប្រទេស អ៉ីរ៉ង់ អ៉ីរ៉ាក់ អ៉ីតាលី ស៊ែប៊ី ប៉ាគីស្ថាន វ៉េណេស៊ុយអេឡា ឡាវ និងប្រទេសផ្សេងៗជាច្រើនទៀត។

ក្នុងនោះក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនបានមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែមីនា ពួកគាត់បានចូលរួមចែករំលែកពីបទពិសោធន៍ នៃការទប់ស្កាត់នឹងជំងឺវីរុស COVID-19 ជូនដល់ភាគីកម្ពុជា ជួយកម្ពុជាក្នុងការកែលម្អប្រព័ន្ធទប់ស្កាត់ ផ្តល់យោបល់ព្យាបាលដល់អ្នកផ្ទុកជំងឺវីរុស ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺវីរុសជូនដល់ភាគីកម្ពុជា។ ការពួតដៃគ្នារវាងចិន និងកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស COVID-19 បានសបញ្ជាក់ឲ្យឃើញពីអត្ថន័យស្នូលនៃសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ ទាំងនេះនឹងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនង ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា។

ជំងឺវីរុសគ្មានព្រំដែនកំណត់ និងមិនបែងចែកពូជសាសន៍ឡើយ។ មានតែរួបរួមសាមគ្គីគ្នា ពួតដៃគ្នាប្រយុទ្ធប្រឆាំង សហគមន៍អន្តរជាតិទើបអាចយកឈ្នះនឹងជំងឺវីរុស និងការពារភពផែនដីយើងដែលជាជម្រកនៃមនុស្សជាតិទាំងឡាយបាន។ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺ COVID-19 ក៏មានមនុស្សមួយចំនួនតូចមានចេតនា និយាយបំភ្លើសថា វាជាវីរុសចិន ដោយនិយាយថា វាជាអាវុធគីមីជីវសាស្រ្តដែលមានចេតនាក្នុងការបង្កើត និងរីករាលដាលឆ្លងដោយរដ្ឋាភិបាលចិន ហើយថាប្រទេសចិនជាសត្រូវរបស់ពិភពលោក។ ពាក្យសម្ដីភូតភរកុហកដែលបង្កប់ទៅដោយន័យលំអៀង និងរើសអើងដោយមិនបានគោរពចំពោះការវិនិច្ឆ័យ យ៉ាងត្រឹមត្រូវរបស់អង្គការសុខភាពពិភពលោក ហើយក៏មិនបានទទួលស្គាល់សកម្មភាពទាំងឡាយរបស់ប្រទេសចិន ក្នុងការរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសលើឆាកអន្តរជាតិឡើយ។

តាមពិតទៅចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺវីរុសនេះមក ភាគីចិនបានជូនដំណឹងស្តីពីជំងឺវីរុសយ៉ាងទាន់ពេលវេលាដោយប្រកាន់ភ្ជាប់ឥរិយាបថបើកចំហ តម្លាភាព និងទំនួលខុសត្រូវ មានការចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ និងការព្យាបាលជូនដល់អង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិដោយ គ្មានការលាក់បាំងបន្តិចសោះឡើយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិស្រាវជ្រាវវិទ្យាសាស្រ្ត។

យើងបានរាយការណ៍អំពីស្ថានភាពជំងឺវីរុស COVID-19 ជូនដល់អង្គការសុខភាពពិភពលោក ប្រទេសដែលជាប់ពាក់ព័ន្ធ និងអង្គការក្នុងតំបន់ទៅតាមពេលកំណត់ បានចែករំលែកពីខ្លឹមសារស្តីអំពីលំដាប់សែននៃជំងឺវីរុស COVID-19 ជាមួយនឹងសហគមន៍អន្តរជាតិ ជាបន្ទាប់ក៏បានអញ្ជើញអ្នកជំនាញនៃ អង្គការសុខភាពពិភពលោក និងស្ថាប័នផ្សេងទៀតមកពិនិត្យជាក់ស្តែងនៅក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន។

ចំពោះជំងឺវីរុសដែលសកលលោកកំពុងតែប្រឈមមុខនេះ ការទំនួលខុសត្រូវរបស់ប្រទសចិនត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ។ អាស្រ័យហេតុនេះ ពាក្យពេចន៍ភូតភរកុហកជាច្រើនដងច្រើនសារ វាមិនអាចក្លាយជាការពិតនោះទេ។ ការប្រែក្លាយពីអត់ទៅជាមាន ពីសប្រែទៅជាខ្មៅ ទាំងនេះពិតជាទទួលបានការប្រឆាំងជំទាស់ និងថ្កោលទោសពីសំណាកសហគមន៍អន្តរជាតិ។

បច្ចុប្បន្ននេះពិភពលោកកំពុងស្ថិតក្នុងស្ថានភាពនៃជំងឺវីរុស COVID-19 ដ៏អាប់អួរនេះ ការរកឃើញករណីឆ្លងនៃជំងឺវីរុសនៅបណ្តាប្រទេសជាច្រើន នៅតែមានការកើនឡើងជាលំដាប់ ហើយស្ថានភាពជំងឺលើសកលក៏នៅតែមិនទាន់មានភាពសុទិដ្ឋិនិយមនៅឡើយដែរ។ ក្នុងខណៈពេលដែលខិតខំទប់ស្កាត់នឹងជំងឺវីរុសក្នុងប្រទេស ប្រទេសចិននៅតែបន្តផ្តល់ការជួយ និងគាំទ្រទៅតាមលទ្ធភាពដែលអាចធ្វើបានជូន ដល់សហគមន៍អន្តរជាតិ ក្នុងគោលបំណងរួមចំណែកជាកម្លាំងចិន ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសលើសកលលោក។

ខ្ញុំជឿជាក់ថា ឲ្យតែយើងទាំងអស់គ្នារួមសុខរួមទុក្ខលើក្បូនតែមួយ ជួយយកអាសាគ្នាទៅវិញទៅមក ប្រាកដជាអាចយកជម្នះបានលើជំងឺវីរុសនេះជាមិនខាន យើងនឹងទទួលស្វាគមន៍ភាពស្រស់ត្រកាលនៃការអភិវឌ្ឍសម្រាប់មនុស្សជាតិនាពេលខាងមុខនេះជាមិនខាន!៕

ដោយ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា