(ភ្នំពេញ)៖ យោងតាមតារាងពិន្ទុពីគេហទំព័រ «Mathletics» ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះបានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីសំណព្វចិត្តសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដណ្តើមឈរលើតំណែងកំពូលតារាងកម្មវិធី ប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យាប្រចាំតំបន់អាស៊ី (Asia's Top 100 Students) និងកម្រិតពិភពលោក (World Top 100 Students)។

លទ្ធផលនៅលើគេហទំព័រ បានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានឈរនៅលើកំពូលតារាងតំបន់អាស៊ី និងពិភពលោក ជាមួយពិន្ទុ១៦,៦០៧។

កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាកូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។ តាមរយៈគេហទំព័រប្រកួតប្រជែងគណិតវិទ្យា «Mathletics» នេះ កុមារី ហ៊ុន ពេជ្រមុន្នីលីណា តែងតែបានចូលរួមប្រកួតប្រជែងសមត្ថភាពជារឿយៗ ហើយតែងតែទទួលបានចំណាត់ថ្នាក់ល្អៗផងដែរ។

ការដណ្តើមបានចំណាត់ថ្នាក់លេខ១នៅលើតារាងប្រកួតប្រជែងគណិតវិទ្យារបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាមោទនភាពមួយរបស់កម្ពុជា ហើយក៏បានលើកតម្លៃអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ បានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ភាពវ័យឆ្លាតរបស់មនុស្សមិនស្ថិតនៅលើមនុស្សនោះកើតក្នុងប្រទេសធំ ប្រទេសមានសេដ្ឋកិច្ចរុងរឿង ឬប្រទេសនោះជាប្រទេសតូច ឬមានសេដ្ឋកិច្ចមិនរីកចម្រើននោះឡើយ ពោលមនុស្សជាតិកើតក្នុងប្រទេសតូច ប្រទេសក្រីក្រ ក៏មានសមត្ថភាពឆ្លាតវៃដូច ឬឆ្លាតជាងប្រទេសមានសេដ្ឋកិច្ចរុងរឿង ប្រទេសធំផងដែរ៕