(ភ្នំពេញ)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ នេះតែម្តង បណ្តាប្រទេសអាស៊ានទាំង ១០ ដែលមានដូចជា ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ សិង្ហបុរី វៀតណាម ប្រ៊ុយណេ មីយ៉ាន់ម៉ា កម្ពុជា និងឡាវ សុទ្ធតែកើតមានករណីឆ្លងជំងឺ COVID-19 ពីតិចតួចទៅដល់រាប់ពាន់ករណី ប៉ុន្តែសម្រាប់ករណីស្លាប់វិញ មានតែឥណ្ឌូណេស៊ីប៉ុណ្ណោះធ្ងន់ធ្ងរជាងគេ ដែលមានមនុស្សស្លាប់ដោយសារជំងឺនេះ រហូតដល់ទៅ ២៨០នាក់។

ខាងក្រោមនេះ គឺជាបណ្តាប្រទេសអាស៊ានមួយចំនួន ដែលបានសម្រេចធ្វើការបិទផ្នែក មួយចំនួននៃប្រទេស និងដាក់បំរាមគោចរ ព្រមទាំងវិធានការរឹតបន្តឹងផ្សេងៗទៀត ដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 ដ៏កាចសាហាវ៖

១៖ ប្រទេសឥណ្ឌូណេស៊ីបានសម្រេចបិទរដ្ឋធានីហ្សាការតា តាំងតែពីអំឡុងខែមីនា មកម្ល៉េះ ខណៈទីក្រុងដែលមានប្រជាជនរស់នៅជាង ១០លាននាក់មួយនេះ មានករណីឆ្លង COVID-19 ច្រើនជាងតំបន់ផ្សេងៗទៀត។ បច្ចុប្បន្នឥណ្ឌូណេស៊ី មានអ្នកឆ្លង COVID-19 សរុប ៣,២៩៣ករណី ក្នុងនោះ ២៨០នាក់ស្លាប់ និង ២៥២នាក់ជាសះស្បើយ។

២៖ ប្រទេសហ្វីលីពីនបានសម្រេចបិទកោះធំ លូហ្សុន (Luzon) ដែលមានរួមមានរដ្ឋធានីម៉ានីលនៅក្នុងនោះផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត នៃជំងឺសកល COVID-19។ ប្រធានាធិបតីហ្វីលីពីន ក៏បានឈានដល់ការព្រមាន បាញ់សម្លាប់អ្នកបំពានបំរាមគោចរផងដែរ។ បច្ចុប្បន្នហ្វីលីពីនមានអ្នកឆ្លង COVID-19 សរុប ៤,០៧៦ករណី ក្នុងនោះស្លាប់ ២០៣នាក់ និងជាសះស្បើយ ១២៤នាក់។

៣៖ ប្រទេសថៃកន្លងមកបានសម្រេចលុបចោល ការធ្វើកម្មវិធីសង្ក្រានឆ្នាំថ្មី នៅតាមតំបន់ធំៗមួយចំនួន ហើយក្រោយមកទៀតក៏បានសម្រេច ដាក់បំរាមគោចរចាប់ពីម៉ោង ១០៖០០នាទីយប់រហូតដល់ម៉ោង ៤៖០០នាទីទាបភ្លឺរៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង COVID-19។ បច្ចុប្បន្នប្រទេសថៃមានអ្នកឆ្លង COVID-19 សរុប ២,៤២៣ករណី ក្នុងនោះស្លាប់ ៣២នាក់ និងជាសះស្បើយវិញ ៩៤០នាក់។

៤៖ ប្រទេសវៀតណាមបានសម្រេចណែនាំឲ្យប្រជាជនទាំងអស់ ស្នាក់នៅក្នុងផ្ទះកុំចេញទៅណា និងរក្សាគម្លាតពីគ្នាយ៉ាងតិចពីរម៉ែត្រ ដើម្បីទប់ស្កាត់ការឆ្លង COVID-19 បន្ថែមពីនេះសង្កាត់មួយចំនួនក្នុងទីក្រុង ហាណូយ ក៏ត្រូវបានបិទផងដែរក្រោយផ្ទុះករណីឆ្លង COVID-19។ បច្ចុប្បន្នវៀតណាមមានករណីឆ្លង COVID-19 សរុប ២៥១ករណី ក្នុងនោះជាសះស្បើយ ១២៨នាក់ និងគ្មានអ្នកស្លាប់ទេ។

៥៖ ប្រទេសម៉ាឡេស៊ីមានអ្នកឆ្លង COVID-19 ច្រើនជាងគេប្រចាំអាស៊ាន រហូតដល់ទៅ ៤,២២៨ករណីហើយ ក្នុងនោះ ៦៧នាក់ស្លាប់ និង ១,៦០៨នាក់ជាសះស្បើយ។ ម៉ាឡេស៊ីបានសម្រេចដាក់ការរឹតបន្តឹងខ្លាំង លើការធ្វើដំណើរទូទាំងប្រទេស, ហាមប្រជាជនមិនឲ្យធ្វើការជួបជុំគ្រប់ទម្រង់ និងណែនាំពលរដ្ឋខ្លួននៅក្រៅប្រទេស កុំទាន់អាលត្រឡប់ចូលស្រុកវិញ។

៦៖ ប្រទេសសិង្ហបុរីបានសម្រេចឲ្យគ្រប់គ្នាធ្វើការងារពីផ្ទះ និងសិស្សានុសិស្សត្រូវសិក្សានៅផ្ទះផងដែរ ដើម្បីទប់ស្កាត់ការឆ្លង COVID-19 ខណៈការធ្វើដំណើរចូលក្នុងប្រទេសនេះពីគ្រប់ច្រកល្ហក ត្រូវបានរឹតបន្តឹងខ្លាំងបំផុត។ បច្ចុប្បន្នសិង្ហបុរីមានករណីឆ្លង COVID-19 សរុប ១,៦២៣ករណី ក្នុងនោះ ០៦នាក់ស្លាប់ និង ៤០៦នាក់ជាសះស្បើយ។

៧៖ ប្រទេសប្រ៊ុយណេបានហាមពលរដ្ឋខ្លួន និងជនបរទេសចេញពីប្រទេសនេះ ដើម្បីបង្ការកុំឲ្យឆ្លងជំងឺ COVID-19។ បច្ចុប្បន្នប្រទេសប្រ៊ុយណេមានអ្នកឆ្លង COVID-19 សរុប ១៣៥ករណី ក្នុងនោះម្នាក់ស្លាប់ និង ៩២នាក់ជាសះស្បើយ។

៨៖ ប្រទេសកម្ពុជា បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋចេញក្រៅ ព្យាយាមនៅក្នុងផ្ទះបើមិនមានការចាំបាច់ចេញក្រៅ, ផ្អាកការសិក្សា បិទទីកន្លែងកំសាន្តនានា រឹតបណ្តឹងការធ្វើដំណើរចេញចូលប្រទេស និងតាមច្រកព្រំដែនគោកត្រូវបានរឹតបណ្តឹង។ ថ្ងៃទី០៩ ខែមេសា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញបទបញ្ជា ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរ ផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។

៩៖ ប្រទេសមីយ៉ាន់ម៉ាបានរឹតបន្តឹងលើការធ្វើដំណើរមកពីក្រៅប្រទេស និងបង្កើនការត្រួតពិនិត្យរក COVID-19 នៅក្នុងស្រុក។ បច្ចុប្បន្នមីយ៉ាន់ម៉ា មានករណីឆ្លង COVID-19 សរុប ២២ករណី ក្នុងនោះ០៣នាក់ស្លាប់ និង ១ម្នាក់ជាសះស្បើយ។

១០៖ ប្រទេសឡាវបានសម្រេចបិទសាលារៀន និងធ្វើការរឹតបន្តឹងលើការធ្វើដំណើរ មកពីក្រៅប្រទេស ព្រមទាំងបង្កើនការត្រួតពិនិត្យនៅក្នុងស្រុកផងដែរ។ បច្ចុប្បន្នឡាវមានករណីឆ្លង COVID-19 ចំនួន ១៦ករណីក្នុងនោះគ្មានអ្នកស្លាប់ និងអ្នកជាសះស្បើយនៅឡើយទេ៕

ប្រភព៖ វែបសាយ ASEAN Briefing (ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០)