(ម៉ាឌ្រី)៖ ក្រសួងសុខាភិបាលអេស្ប៉ាញ នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថាអ្នកជំងឺ COVID-19 ៥១០នាក់ បានបាត់បង់ជីវិតក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ ហើយតួលេខនេះមានន័យថាចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ធ្លាក់ចុះបីថ្ងៃជាប់ៗគ្នា និងជាអត្រាទាបបំផុតចាប់តាំងថ្ងៃទី២៣ ខែមីនាមក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមក្រសួងសុខាភិបាលអេស្ប៉ាញ បូកបញ្ចូលតួលេខអ្នកស្លាប់ខាងលើ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់ ១៦,៣៥៣នាក់ ខណៈអ្នកឆ្លងវិញបានហក់ ឡើងដល់ ១៦១,៨៥២នាក់ បើធៀបទៅនឹងថ្ងៃសុក្រ មាន ១៥៧,០២២នាក់។ យ៉ាងណាមិញ ការថមថយអ្នកស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 បាន និងកំពុងផ្ដល់ ក្ដីសង្ឃឹមថ្មីមួយ ខណៈនាយករដ្ឋមន្ត្រីអេស្ប៉ាញ បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ការឆ្លង COVID-19 អាចនឹងឈានដល់ចំណុចកំពូល ហើយស្ថានភាពអាចនឹងត្រឡប់ មកស្ថិតនៅក្រោមការគ្រប់គ្រងវិញ ក្នុងពេលដ៏ខ្លីខាងមុខ៕