(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ បានចុះត្រួតពិនិត្យរួមគ្នារវាងខេត្តទាំងពីរ ក្នុងការបម្លាស់ទី របស់បងប្អូនប្រជាពលរដ្ឋនៅចំណុចផ្លូវជាតិលេខ៦ ព្រំប្រទល់ខេត្តកំពង់ចាម និងខេត្តកណ្តាល។

ការចុះពិនិត្យរួមគ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។

តាមមន្ត្រីសាលាខេត្តកំពង់ចាម បានឲ្យដឹងថា ខេត្តទាំងពីរបានកំណត់ចំពោះប្រជាពលរដ្ឋដែលឆ្លងកាត់ ត្រូវរួមគ្នាពិនិត្យមើលលិខិតបញ្ជាក់ច្បាស់លាស់ ត្រូវអនុញ្ញាតឲ្យធ្វើដំណើរ ប៉ុន្តែប្រសិនបើពិនិត្យឃើញថា មិនមានលិខិតស្នាមច្បាស់លាស់ទេនោះ ត្រូវឲ្យពួកគាត់វិលត្រឡប់វិញ។

ចំពោះមុខកងកម្លាំងគ្រប់គោលដៅ លោកអភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើឲ្យខិតខំ អនុវត្តវិធានការអប់រំណែនាំ ប្រជាពលរដ្ឋឲ្យយល់បាននូវបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់នាពេលនេះ គឺក្នុងគោលបំណងសុខសុវត្ថិភាព សម្រាប់ទាំងអស់គ្នា ចាកឆ្ងាយពីកូវីដ-១៩ ដែលកំពុងរាតត្បាតនេះ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយកែសម្រួលថ្មី ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងស្រុក។ សេចក្តីសម្រេចនោះ បានធ្វើឡើង២ចំណុចរួមមាន៖

ទី១៖ ដោយសម្រេចកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។

ទី២៖ សម្រេចលុបចេញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត៕