(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានគ្រោងឱ្យមន្ត្រីជំនាញរបស់រដ្ឋបាលខេត្ត សិក្សាតម្លើងកាមេរ៉ាសុវត្ថិភាព នៅតាមបណ្តាភ្លើងស្តុប ក្នុងក្រុងពោធិ៍សាត់ ដើម្បីថតយកទិន្នន័យ នៃការធ្វើចរាចររបស់ប្រជាពលរដ្ឋ និងដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គមទាំងមូល។

ថ្លែងក្នុងឱកាសដោះស្រាយសំណូមពរ និងបញ្ហាប្រឈមជូនប្រជាពលរដ្ឋ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ លោក ម៉ៅ ធនិន បានឱ្យដឹងថា កាមេរ៉ាសុវត្ថិភាព នឹងត្រូវតម្លើងនៅតាមបង្គោលភ្លើងស្តុប ទាំង៤កន្លែង ក្នុងក្រុងពោធិ៍សាត់ ហើយគ្រប់សកម្មភាពទាំងអស់ ត្រូវភ្ជាប់ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត និង iPad ផ្ទាល់របស់លោក ដោយរក្សាទុក ក្នុងអំឡុងពេល១ខែ ទើបលុបចេញម្តង។

លោកអភិបាលខេត្ត បានបង្ហើបឱ្យដឹងដែរថា លោកបានកម្មង់ទិញបង្ហោលភ្លើងបំភ្លឺផ្លូវ ប្រភេទ Smart LED Light ចំនួន៧០០បង្គោល ដើម្បីដាក់បំភ្លឺលើផ្លូវសំខាន់ៗតាមទីសាធារណៈ ក្នុងក្រុងពោធិ៍សាត់ និងឈានឆ្ពោះទៅរៀបចំដំឡើងជាផ្លូវការ នាពេលខាងមុខ។ ក្នុងកិច្ចដំណេះស្រាយខាងលើ លោកបានគូសបញ្ជាក់ថា បញ្ហាដែលធំបំផុត គឺការផ្ទុះឡើងនៃជំងឺកូវីដ១៩ បច្ចុប្បន្នពលករ ដែលវិលត្រលប់ពីក្រៅប្រទេស គិតចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ មានចំនួន២,១៨៥នាក់ ក្នុងនោះស្រី៩៨៥នាក់ ដែរពួកគេត្រូវបានតាមដាន និងពិនិត្យសុខភាព នៅមណ្ឌលសុខភាពមូលដ្ឋានរៀងៗខ្លួន។

«ចំពោះពលករ ដែលទើបមកពីប្រទេសថៃ យើងបានរៀបចំចាំទទួល និងដឹកជញ្ជូនពួកគេតាមរថយន្តយោធា មកកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរលាំង ក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ដោយដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ព្រមទាំងបានរៀបចំក្រុមគ្រូពេទ្យប្រចាំការ ត្រួតពិនិត្យសុខភាព កន្លែងស្នាក់នៅ មានទឹក មានភ្លើង និងស្បៀងអាហារគ្រប់គ្រាន់«។ លោកអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែម។

លោក ម៉ៅ ធនិន បន្តថា ក្នុងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន និងរដ្ឋបាលខេត្តពោធិ៍សាត់ បាននាំយកអំណោយជាអង្ករ ចំនួន៤១០គីឡូក្រាម និងម៉ាស់ចំនួន ២១,៦០០ម៉ាស ទៅចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលខ្វះខាតជាក់ស្តែង បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ (Covid-19)។ ទាំងនេះ គឺជាការគិតគូរ និងយកចិត្តទុក្ខដាក់ ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ដែលបានខ្នះខ្នែង រិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាជួយទប់ស្កាត់មិនឱ្យពលរដ្ឋឆ្លងជំងឺកូវីដ១៩ និងមិនឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងអាហារជាដាច់ខាត៕