(កណ្ដាល)៖ ព្រះពោធិវង្សា ពៅ រតនា ព្រះរាជាគណៈថ្នាក់កិត្ដិយស ព្រះសមុហ៍គណខេត្ដកណ្ដាល និងជាព្រះវិន័យអនុគណស្រុកកៀនស្វាយ និងព្រះសង្ឃសរុបចំនួន៣២វត្ដ នៅទូទាំងស្រុក និងវត្ដច្បារអំពៅ បានឧបត្ថម្ភ ថវិកា សម្ភារ និងស្បៀងឧបភោគ-បរិភោគជាច្រើន ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នៅស្រុកកៀនស្វាយ។

ព្រះពោធិវង្សា ពៅ រតនា បានមានសង្ឃដិកា ថា នេះជាការរួមចំណែកមួយ ក្នុងការជួយសម្រាលការលំបាករបស់ពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅស្រុកកៀនស្វាយ អំឡុងប្រទេសជាតិយើង ក៏ដូចជាប្រទេសទាំងសកលលោក កំពុងជួយប្រទះនូវជំងឺដ៏កាចសាហាវ ដែលងាយឆ្លង និងសម្លាប់មនុស្សយ៉ាងឆាប់រហ័ស ។

ដូចនេះ ថវិកា សម្ភារ និងស្បៀងអាហារ ទំាងអស់នេះ អាចយកទៅប្រើប្រាស់សម្រាលការលំបាកមួយគ្រា ដល់ពលរដ្ឋយើងមួយចំនួនដែលខ្វះខាត ហើយក៏អាចយកថវិកា ទៅទិញទឹកអាកុល ជេល សាប៊ូ ម៉ាស ឬក្រមា ដើម្បីសម្រាប់ការពារ ទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩នេះ ព្រោះជំងឺកូវីដ១៩នេះ អាចឆ្លងគ្រប់ពេល បើយើងទាំងអស់គ្នា ខ្វះការអនាម័យ ជាពិសេសចេញទៅតាមទីសាធារណៈ។

ព្រះពោធិវង្សា ពៅ រតនា បានមានសង្ឃដិកាបន្ដថា «ទោះមិនបានចូលរួមចុះផ្សព្វផ្សាយជាមួយអាជ្ញាធរនៅតាមភូមិឃុំផ្ទាល់ក៏ដោយ ក៏ព្រះសង្ឃ សូមចូលរួមដោយប្រយោលផងដែរ ។ព្រះពុទ្ធសាសនា គឺផ្សារភ្ជាប់ជាមួយសង្គមជាប់ជានិច្ច ក៏ដូចជាវប្បធម៌នៃការចែករំលែករបស់ព្រះសង្ឃ ដែលបានចូលរួមឧបត្ថម្ភនៅពេលនេះ»

ជាពិសេស បានឃើញនូវគំរូដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលសម្ដេចបានបរិច្ចាគនូវប្រាក់បៀវត្សរ៍ប្រចាំខែ ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមទាំងមន្ដ្រីរាជការ ក្រុមហ៊ុនឯកជន រួមទាំងសប្បុរសជនផ្សេងៗទៀត ដែលបានចូលរួមចំណែកជាហូរហែរ។ ហេតុនេះហើយ នៅថ្ងៃនេះ ដែលមានព្រះវិជ្ជានុរ័ក្ខញាណ ខឹម សុផន ព្រះរាជាគណៈថ្នាក់កិត្ដិយសព្រះធម្មធរគណខេត្ដកណ្ដាល ព្រះអនុគណស្រុកកៀនស្វាយ គ្រូអនុគណ សហការី និងគ្រូចៅអធិការគ្រប់វត្ដ ក៏បានបរិច្ចាគនូវបច្ច័យផ្ទាល់ខ្លួនរបស់ព្រះអង្គ ដែលកើតឡើងពីសទ្ធាជ្រះថ្លារបស់ញាណញោម ប្រគេន យកមកចូលរួមផងដែរ។

ក្នុងឱកាសនោះ ព្រះពោធិវង្សា ពៅ រតនា ក៏បានអំពាវនាវដល់ព្រះសង្ឃគ្រប់វត្ដអារាមទាំងអស់ សាមគ្គីគ្នាចូលរួមអប់រំប្រជាពលរដ្ឋ ពីវិធានការការពារខ្លួនពីជំងឺកូវីដ១៩ ដោយអនុវត្ដឱ្យខ្ជាប់ខ្ជួនរបស់ក្រសួងសុខាភិបាល និងគោរពទៅតាមសារអំពាវនាវរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ។

ជាមួយគ្នានោះ លោក អ៊ូ ឈាង អភិបាលស្រុក កៀនស្វាយ ក៏បានថ្លែងអំណរព្រះគុណដល់ព្រះទ័យយកចិត្ដទុកដាក់របស់ព្រះសង្ឃ នៅក្នុងស្រុកកៀនស្វាយទាំងអស់។ លោកបន្ដថា នេះមិនមែនជាលើកទីមួយនោះទេ ដែលព្រះសង្ឃនៅស្រុកកៀនស្វាយយើងទាំងអស់ បានចូលរួមចែករំលែកសម្រាលភាពខ្វះខាតរបស់ប្រជាពលរដ្ឋយើង។

អភិបាលស្រុក កៀនស្វាយ បានថ្លែងបន្ដថា តាំងពីដើមរៀងមកព្រះសង្ឃនៅតាមវត្ដអារាមនៅស្រុកកៀនស្វាយនេះ គឺតែងតែចូលរួមក្នុងការបរិច្ចាគថវិកា អំណោយជាថវិកា សម្ភារ និងស្បៀងឧបភោគ-បរិភោគ សម្រាប់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសនៅពេលដែលពលរដ្ឋមានគ្រោះអាសន្ន និងគ្រោះមហន្ដរាយនានា គឺព្រះសង្ឃ តែងតែចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយការងារមនុស្សធម៌។

ជាងនេះទៅទៀត ព្រះសង្ឃតែងតែផ្សារភ្ជាប់ជាមួយអាជ្ញាធរមូលដ្ឋាន ជួយឧបត្ថម្ភជាបន្ដបន្ទាប់ ជាក់ស្ដែងដូចពេលនេះ ប្រជាពលរដ្ឋយើងមានបញ្ហាខ្វះខាត ពេលដែលជំងឺកូវីដ១៩ដ៏កាចសាហាវនេះកើតមាននៅកម្ពុជា។ លោកបានថ្លែងអំណរព្រះគុណដល់ព្រះសង្ឃ ដែលចូលរួមបរិច្ចាគទាំងធនធាន ទ្រព្យសម្បត្ដិ សម្ភារគ្រប់បែបយ៉ាងនេះ។ «ខ្ញុំនឹងយកនូវអំណោយនេះ ចាត់ចែងចែកចាយឱ្យទៅតាមគោលដៅចាំបាច់ សម្រាប់សម្រាលការលំបាករបស់ពលរដ្ឋយើង»

ទន្ទឹមនឹងនោះ លោកបានថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានចាត់វិធានការដ៏ឈ្លាសវៃ ក្នុងការការពារ ទប់ស្កាត់ កូវីដ១៩នៅកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសមានភាពកក់ក្ដៅ មិនឆ្លងច្រើនដូចនៅតាមបណ្ដាប្រទេសនៅលើសកលលោក និងបានអំពាវនាវឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ ចុះអប់រំ និងជួយមើលប្រជាពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ ការលំបាក ដើម្បីជួយដោះស្រាយដល់ពលរដ្ឋទាន់ពេលវេលា។

សូមជម្រាបថា ព្រះសង្ឃនៅទូទាំងស្រុកកៀនស្វាយ បានឧបត្ថម្ភ ថវិកា សម្ភារ និងស្បៀងឧបភោគ-បរិភោគ ដល់គណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នៅស្រុកកៀនស្វាយ ដែលមានវត្ដមានច្បារអំពៅមួយផងដែរ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ សរុបថវិកាចំនួន ជាង១៣លានរៀល, បន្លុងចំនួន៦៩, អង្ករ៣០បេ, មី៤កេស, ទឹកស៊ីអ៊ីវ៣យួរ, ទឹកត្រី៣យួរ, ទឹកបរិសុទ្ធ៧កេស និងទឹកក្រូច១កេស៕