(ភ្នំពេញ)៖ ក្រុមហ៊ុនណាហ្គាវើល (Naga World) បានចេញមកអះអាងថា បុរសជនជាតិកាណាដា អាយុ៥០ឆ្នាំ មិនមែនជាបុគ្គលិករបស់ Naga World ដូចដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ។

ប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន Naga World លោក Hein Dames បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះថា ខាងក្រុមហ៊ុនបានពិនិត្យមើលហើយ មិនមានឈ្មោះបុគ្គលិក ដូចបានរៀបរាប់នោះទេ ជាពិសេស គឺអ្នកដែលបានឆ្លងជំងឺ COVID-19។

លោក Hein Dames បានអះអាងយ៉ាងដូច្នេះថា «យើងសូមធ្វើការបញ្ជាក់ថា ក្រុមហ៊ុនយើងមិនមានបុគ្គលិក ដែលឆ្លងមេរោគនោះទេហើយអ្វីដែលថា ជាបុគ្គលិកណាហ្គានោះ គឺខុសស្រឡះ។ យើងមានការពិនិត្យសុខភាពជាប្រចាំ តាំងពីខែមករាមកម្ល៉េះ ហើយវិធានការណ៍នេះ យើងគិតថាវាគ្រប់គ្រាន់ សម្រាប់ពិនិត្យមើលថា អ្នកណាមានបង្ហាញរោគសញ្ញា គឺនៅពេលដែលដើរ ចូលមកក្នុងក្រុមហ៊ុនម្ល៉េះ។ យើងបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ នូវទិន្នន័យរបស់យើងរួមទាំងដៃគូរកស៊ី និងអ្នកម៉ៅការផ្សេងៗ ហើយសូមអះអាងថា ក្រុមហ៊ុន Naga World មិនមានបុគ្គលិកដែលឆ្លងជំងឺ COVID-19 នោះទេ»

សូមជម្រាបថា កាលពីព្រឹកមិញ ក្រសួងសុខាភិបាល នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បានបង្ហាញថា បុរសជនជាតិកាណាដាអាយុ ៥០ឆ្នាំ ដែលឆ្លង COVID-19 ជាមួយប្រពន្ធរបស់ខ្លួនជាជនជាតិវៀតណាម ធ្វើការនៅក្នុងកាស៊ីណូមួយក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយដោយយល់ថា ជាបុគ្គលិករបស់ក្រុមហ៊ុន Naga World៕