(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្ត បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដោយយកចិត្តទុកដាក់ ធ្វើការពិនិត្យ និងតាមដានសុខភាព ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលករ ដែលទើបវិលត្រឡប់ មកពីធ្វើការនៅក្រៅប្រទេសឲ្យបានល្អ ដើម្បីធានាបាននូវការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺនេះ ពីខាងក្រៅមកចម្លងនៅក្នុងសហគមន៍។

លោក ផាន់ ចាន់ធុល បានជំរុញបែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បន្តចុះសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ព្រមទាំងឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ៧៥គ្រួសារ បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយសារការផ្ទុះឡើងនៃជំងឺ Covid-19។

លោក ផាន់ ចាន់ធុល បានលើកឡើងថា «បញ្ហាជំងឺកូវីដ១៩នេះ បានបន្តរាលដាលនៅទូទាំងសាកលលោក ដែលបង្កឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ដោយឡែកនៅប្រទេសកម្ពុជាវិញ ជំងឺកូវីដ១៩នេះ ក៏នៅតែបន្តរកឃើញអ្នកឆ្លង ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ។ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ តាមរយៈការធ្វើអនាម័យជាប្រចាំ គឺលាងសម្អាតដៃនឹងសាប៊ូ ឬ អាកុល និងហូបស្អាត ផឹកស្អាត ពាក់ម៉ាស ក្រមា និងមិនត្រូវនៅប្រមូលផ្តុំគ្នាច្រើននោះទេ»

លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវតែមានការយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាព និងត្រៀមបម្រុងទុកស្បៀងអាហារ សម្រាប់ផ្តល់ជូនពលរដ្ឋនៅក្នុងដំណាក់កាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ហើយបើប្រជាពលរដ្ឋណា មានការសង្ស័យឆ្លងជំងឺកូវីដ១៩ សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជូនពួកគាត់ទៅធ្វើការព្យាបាល នៅមន្ទីរពេទ្យឲ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុកសាលាក្រៅ ដែលបានទទួលអំណោយស្បៀងពីអាជ្ញាធរខេត្ត មានចំនួន ៧៥គ្រួសារ ក្នុងនោះឃុំស្ទឹងកាច់ ចំនួន ៤៨គ្រួសារ និងឃុំអូរអណ្តូង ចំនួន ២៧គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ និងទឹកអាកុល សម្រាប់លាងសម្អាតដៃ ១ដប ផងដែរ៕