(ត្បូងឃ្មុំ)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ គ្រឹះសករាជ ២០២០ លោក ស ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ បានអញ្ជើញចូលជួបសម្តែងការគួរសម គោរពជូនពរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានសម្តែងនូវការរីករាយ កោតសរសើរចំពោះលទ្ធផលការងារ ដែលមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ខិតខំសម្រេចបានយ៉ាងល្អនាពេលកន្លងមក ពិសេសជំរុញឲ្យលោក ស ស៊ីណា និងថ្នាក់ដឹកនាំមន្ទីរ បន្តដឹកនាំការងារ ធ្វើយ៉ាងណាឲ្យមន្ទីរព័ត៌មាន សម្រេចលទ្ធផលការងារកាន់តែប្រសើរ លើការផ្សព្វផ្សាយព័ត៌មាន ពិសេសពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ទាំងទូរទស្សន៍ខ្សែកាប និងអនឡាញ វិទ្យុ និងគេហទំព័រ ដូចដែលអនុវត្តន៍បានយ៉ាងល្អនាពេលកន្លងមក ឲ្យកាន់តែល្អទ្វេរឡើងបន្ថែមទៀត ស្របតាមទិសស្លោករបស់ក្រសួងព័ត៌មាន «ថ្មី ប្លែក លឿន ទុកចិត្តបាន នៅទីណាពេលណាក៏បាន» ជាពិសេស គឺការបន្សាបរាល់ព័ត៌មានក្លែងក្លាយ ឲ្យបានលឿន។

បន្ថែមលើសពីនេះ លោក ខៀវ កាញារីទ្ធ បានណែនាំឲ្យ លោក ស ស៊ីណា ក្តាប់ឲ្យជាប់រាល់ព័ត៌មានទាំងឡាយ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដោយស្វែងរកប្រភពច្បាស់លាស់ និងរាយកាណ៍មកលោកភ្លាមៗ ឲ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្សាបព័ត៌មានក្លែងក្លាយ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសកល នាដំណាក់កាលនេះ។

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងគោរពជូនពរនោះ លោក ស ស៊ីណា និងថ្នាក់ដឹកនាំមន្ទីរ បានបានគោរពបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក ប្រោសប្រទាន ពរជ័យ បវរសួស្ដី សេរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ លោក ខៀវ កាញារីទ្ធ និងលោក លី វ៉ាន់ ហុង និងលោកស្រី រួមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ។

ព្រមទាំងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំង៣ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មីឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ព្រះនាមគោរាគទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម សូមជួយតាមថែរក្សាបីបាច់អភិបាលប្រោសព្រហ្ម សព្ទសាធុការពរជ័យ សូមឱ្យមានសុខភាពល្អបរិបូណ៍ ប្រកបទៅដោយពុទ្ធពរទាំងបួនប្រការ គឺអាយុវណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕