(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតទារប្រាក់ រវាងជនជាតិចិន និងចិន នៅចំណុចក្នុងបន្ទប់លេខ៩០២ ជាន់ទី៩ សណ្ឋាគារហាយហៀងមីងជូ ផ្លូវលេខ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រំដោះជនរងគ្រោះម្នាក់ និងចាប់ខ្លួនជនដៃដល់៣នាក់ បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

លោកវរសេនីយ៍ទោ ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនព្រហ្មទណ្ឌ។

បើតាមលោកអធិការ ជនសង្ស័យ៣នាក់ ដែលកម្លាំងនគរបាលបង្ក្រាបបាននេះរួមមាន៖ ទី១៖ ឈ្មោះ ចៅ ជៀនមីង ( ZHAO-JIANMING) អាយុ៣៥ឆ្នាំ ស្នាក់នៅម្ដុំក្រោយក្រសួងការពារជាតិ, ទី២៖ ឈ្មោះ សែ៊វ ជៀន (XIAO-ZEAN) អាយុ៣២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EA-2019587 ស្នាក់នៅម្ដុំកោះពេជ្រ មុខរបរមិនពិតប្រាកដ និងទី៣៖ ឈ្មោះ ហ៊ូ ហ្វឹងវិន (HU FENGWEN) អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ15 ផ្លូវលេខ03 សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មុខរបររកស៉ីខាងរ៉ែមាស។ ដោយឡែក ជនរងគ្រោះឈ្មោះ លីន វ៉ី សៀន (LIN WEI XIAN) អាយុ៣១ឆ្នាំ ស្នាក់នៅសណ្ឋាគារ ហាយលៀង មីងជូ មុខរបរបុគ្គលិកខារ៉ាអូខេ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ ដកហូតបានរថយន្ដចំនួន១គ្រឿង ម៉ាក HILUX REVO ពណ៌ស្ករ (របស់បក្ខពួកជនសង្ស័យរត់គេចខ្លួន), ទូរស័ព្ទចំនួន២គ្រឿង ម៉ាកiPhone 6 ពណ៌ទឹកមាស, លុយចំនួន៣២៦ដុល្លារ, ដំបងឆក់ចំនួន២ និងគ្រាប់ចំនួន១, ខ្នោះដៃចំនួន២, ក្រណាត់ពណ៌ខ្មៅសម្រាប់គ្របមុខ និងសម្ភារមួយចំនួនទៀត។

ក្រោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ត្រូវបានបញ្ជូនទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ហើយត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់៕