(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ បានទទួលម៉ាស៊ីន សម្ភារ និងថ្នាំសម្លាប់មេរោគ ពីក្រុមហ៊ុន «ជឹងហៃណា អ៉ិនដាសស្ទ្រី ឯ.ក» (ZHENGHAINA INDUSTRY Co.,ltd) ដែលជាក្រុមហ៊ុនវិនិយោគ លើវិស័យអនាម័យ និងបរិស្ថាន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងវីរុស COVID-19។

ពិធីប្រគល់ និងទទួលម៉ាស៊ីន សម្ភារ និងថ្នាំសម្លាប់មេរោគ បានធ្វើឡើងក្រោមវត្តមានរបស់ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ និងលោក Gu Chun Yao ប្រធានក្រុមហ៊ុន «ជឹងហៃណា អ៉ិនដាសស្ទ្រី ឯ.ក» នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។

ការនាំយកអំណោយជាម៉ាស៊ីនបាញ់សម្លាប់រោគ ថ្នាំសម្លាប់មេរោគ និងសាប៊ូ ជូនដល់ក្រសួង និងអង្គភាពរបស់កម្ពុជា នាពេលនេះ គឺធ្វើឡើងដោយមានការសម្របសម្រួលពីសំណាក់ លោក ម៉ម ដារ៉េត និងលោក គិន សុជាតិ អគ្គនាយកក្រុមហ៊ុន SJ Shipping Co.,Ltd។

អំណោយដែលក្រុមហ៊ុនចិន បានប្រគល់ជូននាថ្ងៃនេះរួមមាន៖ ម៉ាស៊ីនបាញ់សម្លាប់មេរោគ ចំនួន ០៣គ្រឿង, ទឹកថ្នាំសម្លាប់មេរោគ ចំនួន ០៣តោន និងសាប៊ូ សម្លាប់មេរោគ ចំនួន ៣,០០០ដុំ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន «ជឹងហៃណា អ៉ិនដាសស្ទ្រី ឯ.ក» នាំយកអំណោយជាសម្ភារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ដែលបច្ចុប្បន្ននេះ វីរុសនេះបាននឹងកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ជាប្រទេសចិន ដែលតែងតែជួយកម្ពុជា ជាពិសេសក្នុងកាលៈទេសៈនេះ បើទោះបីថានៅក្នុងប្រទេសចិន បាននឹងកំពុងប្រឈមនឹងបញ្ហាការឆ្លងរីករាលដាលជំងឺ COVID-19 ក៏ដោយប៉ុន្តែសង្កេតឃើញថា មានបណ្តាក្រុមហ៊ុនចិនជាច្រើន នៅតែបន្តជួយមកកម្ពុជា ដោយបានបញ្ជូននូវគ្រឿងបរិក្ខារ ដើម្បីការពារទប់ស្កាត់នូវជំងឺនេះមកកម្ពុជាដែរ នេះគឺជាមិត្តដ៏ល្អបំផុត ដែលជួយគ្នាក្នុងគ្រាក្រ។

លោក Gu Chun Yao ប្រធានក្រុមហ៊ុន «ជឹងហៃណា អ៉ិនដាសស្ទ្រី ឯ.ក» បានថ្លែងថា ការប្រគល់នូវម៉ាស៊ីន និងសម្ភារសម្លាប់មេរោគជូន ដល់ក្រសួងមហាផ្ទៃនាពេលនេះ គឺជាកាតព្វកិច្ចជួយសង្គម របស់ក្រុមហ៊ុនឯកជនរបស់ប្រទេសចិន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសម្លឹងមើលឃើញថា ចំណងមិត្តភាពរវាងថ្នាក់ដឹកនាំកម្ពុជា-ចិន មានទំនាក់ទំនងគ្នាយ៉ាងល្អ តាំងពីយូរលង់ណាស់មកហើយ ជាពិសេស គឺទឹកចិត្តដ៏ប្រពៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលដែលប្រទេសចិន កំពុងតែជួបនូវវិបត្តិរីករាលដាលវីរុស COVID-19 គឺសម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំបរទេសទី១ ដែលបានឈានជើងចូលក្នុងប្រទេសចិន ទាំងនេះបានបង្ហាញឱ្យឃើញថា កម្ពុជា-ចិន ជាមិត្តដែកថែបមិនអាចបំបែកបាន ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រដល់រដ្ឋាភិបាលចិន ចំពោះការទប់ស្កាត់ វីរុសដ៏កាចសាហាវនេះផងដែរ។

លោក Gu Chun Yao បានបន្តថា នាពេលនេះប្រាក់មិនមែនជារឿងសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺទឹកចិត្តសម្រាប់ជួយឧបត្ថម្ភ ដល់ប្រទេសជាមិត្តក្នុងគ្រាលំបាកនេះ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គួរមានអនាម័យស្អាត គួរលាងដៃជាប្រចាំ ហូបស្អាត គេងស្អាត និងអនុវត្តតាមគោលការណ៍ ដែលក្រសួងសុខាភិបាលបានផ្សព្វផ្សាយ និងដាក់ជូនឱ្យអនុវត្ត ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅទូទាំងពិភពលោកនាពេលសព្វថ្ងៃនេះ។

លោក Gu Chun Yao បានបញ្ជាក់ថា គោលបំណងដែលក្រុមហ៊ុន ប្រគល់នូវអំណោយជាម៉ាស៊ីន ថ្នាំសម្លាប់មេរោគ និងសាប៊ូ ដល់ក្រសួងមហាផ្ទៃនាពេលនេះ គឺដើម្បីជួយគាំទ្រ និងចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងលើកទឹកចឹត្ត ឱ្យសាធារណៈជនស្វែងយល់ ពីរបៀបរក្សារអនាម័យ ឱ្យបានល្អដើម្បីក្រុមគ្រួសារ និងសង្គមជាតិកម្ពុជាទាំងមូល៕