(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ នឹងមានការអញ្ជើញចូលរួមជាវាគ្មិនពី តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕