(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ ទៅឧបត្ថម្ភប្រជាពលរដ្ឋ៥៨គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់។ អំណោយទាំងនេះ បានផ្តល់ដល់ពលរដ្ឋរងគ្រោះ នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។

លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានធ្វើរបាយការណ៍ថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២៖៣០នាទីទៀបភ្លឺ មានភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន៥៨ខ្នង រងផលប៉ះពាល់។ ក្នុងនោះមាន រលំទាំងស្រុង ១ខ្នង របើកដំបូលទាំងស្រុង ៤ខ្នង របើកដំបូល៥០ភាគរយ ១៩ខ្នង ប៉ះពាល់ ៣៥ខ្នង និងរលំរោងសហគមន៍ ១ខ្នង ដែលឃុំសានគរចំនួន ១៨ខ្នង ឃុំដំរីស្លាប់ចំនួន ១០ខ្នង និងឃុំនីពេជ្រចំនួន ៣១ខ្នង។

លោក សុខ លូ បានចូលរួមសោកស្តាយនូវការខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋ។ លោកបាននាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្ដីនឹករលឹក ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងស្លាប់នោះទេ។

លោក សុខ លូ បានបន្តថា ការចុះសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋរងគ្រោះនៅពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងការផ្តល់កម្លាំងចិត្ត ដើម្បីចូលរួមចំណែកដោះស្រាយនូវការលំបាករបស់ពលរដ្ឋបានមួយកម្រិត។ លោកជំរុញថា ពលរដ្ឋទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលការងារកសិកម្ម ក្នុងការលើកកម្ពស់ជីវភាពគ្រួសារឲ្យបានធូធារឡើង។

លោក សុខ លូ ក៏បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកផ្ទាល់ ដើម្បីឲ្យក្រុមការងារចុះជួយបានឆាប់រហ័ស និងទាន់ពេលវេលា។

លោកថែមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវរស់នៅមានអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ និងត្រូវពាក់ម៉ាស ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅ ហើយប្រសិនបើមានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃសិន ចាំចូលមកស្និទ្ធស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍។ បើមានអាការៈសង្ស័យណាមួយ ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមទៅលេខ ១១៥។

សូមបញ្ជាក់ថា ពលរដ្ឋរងគ្រោះទាំង ៥៨គ្រួសារ ទទួលបានអំណោយ រួមមាន៖ តង់កៅស៊ូ ១ អង្ករ ២៥ គីឡូក្រាម ម៉ុង១ ភួយ១ សារុង១ ក្រម៉ា១ ត្រីខ ១យួរ មី១កេស សាប៊ូ១ដុំ និងច្រាស ១ផងដែរ៕