(ភ្នំពេញ)៖ មន្ដ្រីយោធាពាក់ស័ក្ដិ ៤កន្លះម្នាក់ ឈ្មោះ ជា សុខហេង បានកាន់កាំភ្លើងចូលគំរាមម្ចាស់ផ្ទះសំណាក់ KIS ស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមិនដឹងមូលហេតុ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។

ម្ចាស់ផ្ទះសំណាក់រងគ្រោះបានបញ្ជាក់ថា គាត់ និងមន្ដ្រីយោធាខាងលើ មិនដែលឈ្លោះគ្នាអ្វីនោះទេ ប៉ុន្ដែគ្រាន់តែធ្លាប់ស្គាល់គ្នា ដោយសារផ្ទះមន្ដ្រីយោធាខាងលើ នៅក្រោយផ្ទះសំណាក់របស់គាត់។ ប៉ុន្ដែមិនដឹងថា មន្ដ្រីយោធានោះមានគោលបំណងអ្វីនោះទេ បានកាន់កាំភ្លើងមកគំរាម និងស្រែកឡូឡានៅមុខផ្ទះសំណាក់របស់គាត់ផ្អើលគេឯងបែបនេះ។

ដោយសារតែមានភាពភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន លុះព្រឹកឡើងម្ចាស់ផ្ទះសំណាក់រងគ្រោះខាងលើ បានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ដោះស្រាយបញ្ហានេះ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា មន្ដ្រីយោធាខាងលើបម្រើការងារនៅអង្គភាពណានោះទេ៕