(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលម៉ាសមុខ១០,០០០បន្ទះ ជែលលាងដៃ១,០០០ដប និងទឹកអាល់កុលលាងដៃ១៨០លីត្រ ពីណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកការងារទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា «គំនិតផ្តួចផ្តើម ដ៏មានតម្លៃរបស់ណាហ្គាវើលដ៍ ពិតជាមានសារសំខាន់ ណាស់ សម្រាប់ក្រសួង និងសាលារៀន នៅតាមសហគមន៍ ដើម្បីការពារខ្លួនយើង ពីមេរោគកូវីដ-១៩»។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនណាហ្គាវើលដ៍ ចំពោះទឹកចិត្តសប្បុរសលើកកម្ពស់ ការអនុវត្តសម្រាប់សុខភាពល្អ និងអនាម័យ នៅក្នុងពេលមានវិបត្តិ សុខភាពសកលលោកនេះ។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានថ្លែងថា «ស្ថានភាពដែលពុំធ្លាប់កើតមាននេះ បានជះឥទ្ធិពលអាក្រក់ជាច្រើន មកលើគ្រួសារ និងសហគមន៍ របស់យើង ខណៈជីវភាពរស់នៅរបស់ពួកគេ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដែលអ្នកខ្លះមិនមានលទ្ធភាព ដើម្បីទិញសម្ភារការពារផ្ទាល់ខ្លួនឡើយ។

លោក Pern Chen សង្ឃឹមថា ការឧបត្ថម្ភរបស់នេះ អាចឆ្លើយតបទៅកាន់ការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ ដ៏កាចសាហាវនេះ បាន។ លោក Pern បានបន្ថែមទៀតថា ជាមួយសម្ភារផ្គត់ផ្គង់ទាំងនេះ ក្រសួងនឹងអាចជួយដល់សហគមន៍ជាច្រើន ដែលកំពុងត្រូវការ។

សូមជម្រាបថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមាន ករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ សរុបចំនួន១២០នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ២នាក់ប៉ុណ្ណោះ៕