(ពោធិ៍សាត់)៖ លោកស្មាន ទៀត រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល ក្នុងនាមអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិសាត់ អមដំណើរដោយ លោកអភិបាលស្រុកក្រគរ លោកប្រធានគណបក្សស្រុក យុវជន ស.ស.យ.ក លោកមេឃុំ ព្រមទាំងក្រុមការងារ បានចុះជួបនិងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែតឥស្លាម និងចែកជូនកញ្ចប់អាហារស្រាយបួស ពិសេសបានផ្សព្វផ្សាយពីវិធានការការពារវីរុសកូវីដ១៩ផងដែរ ។

ស្ថិតនៅក្នុងជំនួបរវាងក្រុមការងារនឹងពលរដ្ឋនាពេលថ្មីៗកន្លងទៅនេះ លោកស្មាន ទៀត បានលើកឡើងថា ខែរ៉ម៉ាឌនជាខែបួសដ៍ពិសិដ្ឋរបស់សាសនាឥស្លាម ដែលតម្រូវដល់គ្រប់សាសនិកគ្រប់អាយុ ប្រតិបត្តិតមបួសអាហារ ខណៈស្រុកទេសយើងកំពុងមានសុខសន្តិភាព សុវត្ថិភាព ការរីកចំរើនឥតឈប់ឈរ ក្រោមម្លប់សន្តិភាពដ៍កក់ក្ដៅដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ស្មាន ទៀត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រី ស៊ុយ សែម និងលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកក្រគ និងស្រុកកណ្តៀងផងដែរ។

លោក ស្មាន ទៀត បានណែនាំដល់ពលរដ្ឋទាំងអស់ សូមកុំធ្វេសប្រហែសនឹងវីរុសកូវីដ១៩ ឱ្យសោះ ត្បិតវាមានភាពស្ងប់ស្ងាត់មែនពិត ប៉ុន្តែចូរអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ចាប់ខ្ចួន ដើម្បីបញ្ជៀសហានិភ័យណាមួយកើតឡើងជាយថាហេតុ។

លោកថា សូមពលរដ្ឋរស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ទឹកសម្លាប់មេរោគ ឬអាល់កុល ជេលអាល់កុល រក្សាគម្លាតពីគ្នា និងហាមការជួបជុំណាមួយ ពិសេសសូមកុំទាន់អាលថ្វាយបង្គុំរួមគ្នានៅក្នុងវិហារ តែអាចថ្វាយបង្គុំនៅរួមគ្នាជាមួយក្រុមគ្រួសារនៅតាមខ្នងផ្ទះរៀងៗខ្លួនបាន៕