(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងកម្មករ កំពុងបម្រើការងារផ្សេងៗក្នុងខេត្ត ឱ្យឆ្លៀតពេលដាំដំណាំផ្សេងៗពេលទំនេរពីការងារ ដើម្បីផ្គត់ផ្គង់ក្នុងជីវភាព និងរកចំណូលបន្ថែម។
ការអំពាវនាវរបស់លោកអភិបាលខេត្តបានធ្វើឡើង ក្នុងពេលចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត និងពិនិត្យពីវឌ្ឍនភាពការងារនៅក្នុងក្រុមហ៊ុនក្រុងបុក ស្ថិតនៅក្នុងឃុំតាវែងលើ ស្រុកតាវែង នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ។
លោក ថង សាវុន បានលើកឡើងថា ដោយសារបរិបទប្រទេសជាតិកំពុងប្រឈមបញ្ហារាតត្បាតនៃមេរោគកូវីដ-១៩ ដូច្នេះឆ្នាំ២០២០នេះ មិនអាចប្រារព្ធទិវាពលកម្មអន្តរជាតិ ដោយរៀបចំមិទ្ទិញជួបជុំគ្នាបាន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយថ្នាក់ដឹកនាំខេត្តបានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខនៅតាមការដ្ឋាន ដោយរក្សាបាននូវគំលាតសុវត្ថភាព ដើម្បីបង្ការការចម្លងមេរោគកូវីដ-១៩។
លោកក៏បានជម្រាបជូនថ្នាក់ដឹកនាំក្រុុមហ៊ុន និងបងប្អូនកម្មករផងដែរអំពីស្ថានការចុងក្រោយនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ ក្នុងនោះរាជរដ្ឋាភិបាលគ្រប់គ្រងបានក្នុងរយៈពេលចុងក្រោយនេះពុំមានការចម្លងថ្មីទៀតនោះទេ ដោយឡែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅសល់ត្រឹមតែ២នាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានអំពាវនាវដល់កម្មកររក្សាអនាម័យ និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ពីព្រោះថាភាគរយចម្លងនៅតែមានអត្រាខ្ពស់នៅឡើយ។
លោក ថង សាវុន បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានខិតខំ និងផ្តល់ឱកាសការងារជាច្រើនដល់កម្មករ ទោះបីបញ្ហាសកលនៃមេរោគកូវីដ-១៩ បានកើតឡើងក៏ដោយ ប៉ុន្តែនៅតែរក្សាបាននូវការងារ និងបៀវត្សជូនបងប្អូនកម្មករមិនមានការបាត់បង់ឡើយ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនជូនដល់បងប្អូនកម្មករនៅតាមខ្នងផ្ទះក្នុងការដ្ឋានដែលក្រុមហ៊ុនបានរៀបចំ។ ក្នុងនោះលោកបានជំរុញណែនាំដល់កម្មករឲ្យឆ្លៀតពេលទំនេរពីការងារខិតខំបង្កបង្កើនផល ដាំដុះបន្លែបង្ការ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ និងសេដ្ឋកិច្ចគ្រួសារ ជាជាងយកពេលទំនេរទៅធ្វើរឿងឥតប្រយោជន៍ ឬលេងល្បែងភ្នាល់ផ្សេងៗ។
សូមបញ្ជាក់ថា ក្រុមហ៊ុនក្រុងបុក បានវិនិយោគលើវិស័យកសិឧស្សាហកម្មផលិតកម្មកៅស៊ូលើផ្ទៃដីជាង ៦,០០០ហិកតា។ បច្ចុប្បន្នដាំដុះបានជាង ៥ពាន់ហិកតា និងផ្តល់ឱកាសការងារដល់កម្មករ និយោជិត បានជិត ១,០០០នាក់៕