(កណ្ដាល)៖ ដើម្បីបង្កើនអនាម័យ និងទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងកំសាន្ត នៅតាមរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ឲ្យកាន់តែច្រើនឡើងនោះ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានដឹកនាំក្រុមមន្ត្រីក្រោមឱវាទ សហការជាមួយយុវជន ស.ស.យ.ក ស្រុក ចុះសំអាតបរិស្ថាន និងណែនាំពលរដ្ឋ ឲ្យចូលរួមថែរក្សាបរិស្ថាន សាធារណៈ ពិសេសកន្លែងកំសាន្តទេសចរណ៍ ឲ្យបានល្អប្រសើរ ដើម្បីបង្កើនសោភ័ណភាព ទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកលេងកំសាន្ត ឲ្យបានច្រើនឡើងៗៗ។
ក្នុងសកម្មភាពដឹកនាំចុះសហគមន៍ប្រមូល និងសំអាតបរិស្ថាន នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ លោក ថន សុវណ្ណា បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ វេចខ្ចប់សំរាមដាក់តាមមុខផ្ទះឲ្យបានត្រឹមត្រូវ ចៀសវាងបោះសំរាមនៅតាមទីសាធារណៈ ផ្លូវជាតិ តំបន់ទេសចរណ៍ និងប្រមូលសំរាមនៅតាមភូមិ យកមកដាក់នៅមុខផ្ទះ ដើម្បីឲ្យក្រុមហ៊ុនធ្វើការប្រមូលសំរាម យកមកដុតកំទេចចោល។
លោកអភិបាលស្រុក បានបន្ថែមថា ស្រុកពញាឮមានឡដុតសំរាម ចំនួន៣កន្លែង ដែលឡដុតសំរាមធំៗ មានចំនួន២ ដែលឧបត្ថម្ភដោយក្រសួងបរិស្ថាន មាននៅភ្នំ ប្រសិទ្ធ និងនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ដែលនីមួយៗអាចដុតសំរាម បាន៤តោនក្នុងមួយថ្ងៃ និងមួយទៀតមានទីតាំង នៅជិតភ្នំព្រះរាជទ្រព្យ ដែលឧបត្ថម្ភដោយ រដ្ឋបាលខេត្តកណ្ដាល។ ហើយការរើសសំរាមនេះ គឺជាការបំផុសស្មារតីប្រជាពលរដ្ឋ ឲ្យចូលរួមសំអាតអនាម័យនៅជុំវិញផ្ទះ និងសហគមន៍ផងដែរ។
ស្ថិតនៅក្នុងឱកាសនេះ យុវជន ស.ស.យ.ក ស្រុក កញ្ញា ណុន ស្រីអូន និងលោក រៀម កុម្ភៈ បានសំដែងអារម្មណ៍សប្បាយរីករាយ ក្នុងការចូលរួមរើសសំរាម នៅបរិវេណភ្នំព្រះរាជទ្រព្យ និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិ សូមចូលរួមថែរក្សាបរិស្ថាន អនាម័យសាធារណៈទាំងអស់គ្នា ដោយបោះចោលសំរាមក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវ ពិសេសវេចខ្ចប់ឲ្យមានលក្ខណៈងាយស្រួល ដើម្បីឲ្យរមណីយដ្ឋានយើងស្អាត ទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តកាន់តែច្រើនផងដែរ៕