(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ តុលាការយោធាប្រកាសសាលក្រមកាត់ទោសអតីតយោធា២នាក់ ពាក់ព័ន្ធការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ នៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។
សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការយោធា បានបើកសវនការជំនុំជម្រះក្តីជាសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌលេខ០០៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ដែលមានជនជាប់ចោទ២រូប រួមមាន៖ ១៖ ឈ្មោះ សុខ ប៊ុនសឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និង២៖ ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅ ជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា។
ជនទាំងពីរនេះ បានជាប់ចោទពីបទ៖ បង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាត ពីអាជ្ញាធរស្របច្បាប់ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ មានប្រជាពលរដ្ឋចំនួន ២៤៤នាក់ ត្រូវបានអតីតយោធាទាំងពីរនាក់នេះ បានបោកប្រាស់ថា នឹងបញ្ចូលក្នុងក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ជាថ្នូរនឹងប្រាក់ ដែលពួកគេបានកំណត់៕