(ភ្នំពេញ)៖ មន្រ្ដីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានចាត់ទុករបាយការណ៍របស់ ង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ដែលចេញផ្សាយពាក់ព័ន្ធវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាថា ជារបាយការណ៍ដែលខ្វះការសិក្សាគ្រប់ជ្រុងជោយ មិនមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនោះឡើយ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ធនាគារជាតិរូបនេះ បន្ទាប់ពីអង្គការ លីកាដូ កាលពីពេលថ្មីៗនេះ បានចេញរបាយការណ៍មួយស្ដីពី «ការនាំឲ្យមានចំណាក់ស្រុក៖ បទពិសោធន៍នៃភូមិមួយពី បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងចំណាក់ស្រុកឆ្លងដែន» ហើយក្នុងរបាយការណ៍នោះក៏បានលើកឡើងថា បំណុលមីក្រូហិរញ្ញវត្ថុ គួរត្រូវបានព្យួរ និងប្រគល់បណ្ណកម្មសិទ្ធិដីធ្លីឲ្យម្ចាស់ទ្រព្យវិញនា អំឡុងការរីករាលដាលជំងឺកូវីដ១៩។
ជាការឆ្លើយតបលោក គិត សុវណ្ណារិទ្ធ បានលើកឡើងថា «តើយើងគួរពិចារណាលើវិធានការ ដែលលើកឡើង ក្នុងរបាយការណ៍នេះយ៉ាងណា? នៅពេលដែលគេយកភូមិមួយ ក្នុងចំណោមភូមិជាង១៤,០០០ និងសម្ភាសន៍៣០គ្រួសារនៃ អ្នកទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាង២លាននាក់។ ចំនួននេះគិតជាភាគរយប្រមាណ០,០០៧% និង០,០០១% រៀងគ្នា។ ហើយបានត្រឹមតែសម្ភាសន៍ សមាជិកគ្រួសារទៅទៀត»។
លោកបានបពន្យល់ថា កម្ចីប្រមាណ៤៤៤លានដុល្លារបានផ្ដល់ ដល់អតិថិជនជាងកន្លះលាននាក់ (២៥%នៃអ្នកទទួលកម្ចីមីក្រូហិញ្ញវត្ថុសរុប) ដោយគ្មានយកទ្រព្យបញ្ចំ។ អ្នកខ្ចីលុយដែលមានការទទួលខុសត្រូវមិនសប្បាយ និងចាយលុយគេទេ ព្រោះអ្នកអោយលុយខ្ចីក៏គេខំរក ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏ដូចគ្នា។
មន្រ្ដីជាន់ខ្ពស់រូបនេះបញ្ជាក់ថា «នាពេលកើតឡើងនៃជំងឺកូវីដ១៩នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្ដល់ការអនុគ្រោះផ្សេងៗ ដល់អតិថិជនជាង៩៥,០០០នាក់ ដែលគិតជាទឹកប្រាក់ប្រមានជាង៣៧៣លានដុល្លារ តាមរយៈការរៀបចំឥណទានឡើងវិញ»។
លោកថា «យើងស្វាគមន៍ការសិក្សាដែលគ្រប់ជ្រុងជ្រោយ មានហេតុចូលពីភាគីពាក់ព័ន្ធ និងមានលក្ខណៈស្ថាបនានានា»៕