(ពោធិ៍សាត់)៖ រយៈពេល៦ឆ្នាំមកនេះ ពោលគឺចាប់ពីថ្ងៃទី (០៧ ឧសភា ២០១៤ ដល់ ០៧ ឧសភា ២០២០) ក្នុងយន្តការដឹកនាំខេត្ត, លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្សាំខ្លួន និងផ្សារភ្ជាប់រូបលោក និងភរិយារបស់លោក ទៅនឹងសុខទុក្ខគ្រួសារបងប្អូនពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឋានៈជាបង ប្អូន កូន និងក្មួយ រហូតទទួលបានការពេញចិត្ត និងគាំទ្រជាខ្លាំង។

ជាក់ស្តែងនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ នៅវេទិកាសាលាខេត្ត លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានបន្តជួបសម្របសម្រួល ដោះស្រាយទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈម ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានជាច្រើនករណី ព្រមទាំងបានផ្តល់ស្បៀងជូនដល់ជនចាស់ជរាទីទ័លខ្លាំង គ្រួសារក្រីក្រខ្វះខាតពិតប្រាកដ បានជាច្រើននាក់ផងដែរ។

លោក ម៉ៅ ធនិន បានឱ្យដឹងថា បច្ចុប្បន្នលោកកំពុងបំពេញតួនាទីពីរ៖ ទី១-តួនាទីរដ្ឋបាល គឺលោកមានភារកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងធានាឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា និងការអភិវឌ្ឍ។ ទី២-គឺលោកជាសាច់ញាតិ បង ប្អូន កូន ក្មួយ និងជាសមាជិកគ្រួសារ របស់ប្រជាពលរដ្ឋជាង៤៩ម៉ឺននាក់ ទូទាំងខេត្តពោធិ៍សាត់ ដែលត្រូវជួយចែករម្លែកនូវសេចក្តីសុខ និងទុក្ខលំបាកជាមួយគ្នា គ្រប់ពេលវេលា។

លោកអភិបាលខេត្តបានចាត់ទុកការជួបស្តាប់ និងដោះស្រាយបញ្ហាប្រឈមដោយផ្ទាល់ នាពេលនេះ គឺជាការបន្សាំ និងដាក់បញ្ចូលខ្លួនទៅក្នុងសុខទុក្ខ របស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។ លោកបានបន្ថែមថា យើងបានជួយគ្នា និងជួបជុំគ្នា មើលឃើញពីសមិទ្ធិផលធំៗទូទាំងខេត្ត ក៏ដូចទូទាំងប្រទេសនាពេលនេះ គឺដោយសារសង្គមជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ យើងដឹងហើយថា សកលលោកទាំងមូល កំពុងប្រឈមនឹងបញ្ហាជំងឺរាតត្បាតកូវីដ១៩ ដូច្នេះលោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់ជំងឺនេះទាំងអស់គ្នា ដោយយកជាប់ជាមួយនូវម៉ាស ទឹកអាកុល ដុសលាងសម្អាតជាប្រចាំ និងត្រូវអនុវត្តទៅតាមការណែនាំក្រសួងសុខាភិបាល។

ក្រៅពីបង្កើតយន្តការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ បានចូលជួបរៀបរាប់ពីបញ្ហាប្រឈម ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ហើយនោះ ក្នុងឋានៈជាអភិបាលខេត្តពោធិ៍សាត់ លោក​ ម៉ៅ ធនិន បានដឹកនាំអភិវឌ្ឍន៍ខេត្តឱ្យលេចចេញនូវសមិទ្ធផលជាច្រើន និងបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គួរឱ្យកត់សម្គាល់។

សមិទ្ធផលការងារកើតចេញពីកិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងគ្រប់គ្រងខេត្តពោធិ៍សាត់នេះ បានធ្វើឱ្យលោក ម៉ៅ ធនិន ទទួលបានការស្រឡាញ់ពេញចិត្ត និងគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្តជាខ្លាំង។ ពលរដ្ឋខ្លះបានធ្លោយមាត់ថា ពួកគេពិតជាមានសំណាងណាស់ ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់អភិបាលខេត្តដ៏ល្អមកដឹកនាំនៅក្នុងខេត្ត ហើយមិនចង់ឱ្យអភិបាលខេត្តរូបនេះចាកចេញទៅណានោះឡើយ៕

ខាងក្រោមនេះជាការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលទទួលបានដំណោះស្រាយដ៏សមស្រប៖